
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាករណី លោក គីម រស្មី អតីតមេបញ្ជាការកងរាជនអាវុធហត្ថខេត្តរតនគីរី ដែលទើបនឹងបញ្ចប់តំណែងនេះ ខាងអង្គភាពប្រឆាំងអំពើពុករលួយកំពុងតែដំណើរការស៊ើបអង្កេតហើយ ប៉ុន្តែពាក់ព័ន្ធករណីអ្វីនោះ លោកនៅមិនទាន់អាចប្រាប់លម្អិតបានទេនៅពេលនេះ បើនិយាយ ពីបញ្ហាមាន ឬមិនមាន វាលឿនពេក ដោយសារតែមិនទាន់បញ្ចប់ការស៊ើបអង្កេតនៅឡើយ។
លោកបានបន្ថែមថា ចំពោះការស៊ើបអង្កេតមុន ឬក្រោយ រឿងលោកគីម រស្មី ធ្វើខួបកំណើតប្រកាសចែកលុយឲ្យកូនគាត់៥នាក់ ក្នុងម្នាក់ ១០ម៉ឺនដុល្លារ គឺលោកសុំរក្សាសិទ្ធិ ពីព្រោះវាជាការសម្ងាត់នៃការស៊ើបអង្កេតទាក់ទងរឿងពេលវេលា បានន័យថា “យើងមិនមែនជាកុកទេ យើងជាជុច”។
