header ads

Sponsor

ភ្នំពេញៈ រថយន្តកាមរីបាឡែនមួយគ្រឿង បើកបោះពួយលឿនដូចហោះ​ ហើយ​ស្ថានភាពផ្លូវទឹករលកផងនោះ បានហោះទៅបុកគូទរថយន្តធុន​ធំមួយគ្រឿង​ បណ្តាលឲ្យអ្នកបើកបរគាបជាប់ក្នុងរថយន្ត យកចេញមិនរួច ត្រូវបានកងសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញរថយន្តវះកាត់ដែក ចេញទៅជួយអន្តរាគមន៍ ដើម្បីយកជនរងគ្រោះចេញទៅសង្រ្គោះអាយុជីវិត បានទាន់ពេលវេលា ចំណែកឯរថយន្តម្ខាងទៀត បន្តដំណើរទៅបាត់ស្រមោល។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០៖​៤៥នាទីយប់ ថ្ងៃសុក្រ​ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខរោងចក្រសួនវឌ្ឍនៈ២ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

សមត្ថកិច្ច បានបញ្ជាក់ប្រាប់ភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ឲ្យ​ដឹងថា​ រថយន្តជួបបញ្ហាខាងលើ ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U-2157 បើកដោយជនរងគ្រោះតែម្នាក់ឯង ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវមានសភាពងងឹង ហើយ​ផ្លូវទឹករលកទៀតនោះ រថយន្តហោះទៅបុកពីក្រោយរថយន្តធុនធំ កំពុងបើកនៅខាងមុខពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ និងផ្នែកដំបូលរួញគា​បជនរងគ្រោះតែម្ដង។ ចំណែកឯរថយន្តធុនធំខាងលើ​ មិនបានឈប់ទេ ព្រោះឃើ​ញសភាពមិនស្រួល បានបន្ថែមល្បឿនបន្តដំណើ​រទៅបាត់ស្រមោល។

ក្រោយកើតហេតុ ត្រូវបានប្រជាពលរដ្ឋធ្វើ​ដំណើ​រឆ្លងកាត់​បាន​រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើ​តហេតុ​ ហើ​យទាក់ទងទៅក្រុម​សង្រ្គោះរបស់អង្គភាព៧១១ (RRC711) នៃកងពលតូចលេខ៧០ ដោយប្រើ​រថយន្តវះកាត់ដែកមួយគ្រឿង និងរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង​ ចេញជួយអន្តរាគមន៍។

ករណីខាងលើ ស្ថានភាពជនរងគ្រោះស្ថិតក្នុងសភាពធ្ងន់ ត្រូវបានកម្លាំងសង្រ្គោះរបស់អង្គភាព៧១១ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលបន្ទុកផែនសង្រ្គោះ ជាអ្នកបញ្ជាផ្ទាល់បានមានប្រសាសន៍ប្រាប់​ភ្នាក់ងារ​ខេមប៉ុស្តិ៍​​ ដឹងដែរថា​ នៅក្នុងការជួយសង្គ្រោះ វះកាត់ដែកកាប៊ីនរថយន្ត​ យកជនរងគ្រោះពីក្នុងរថយន្តនេះ​ គឺប្រើ​ពេលមិនដល់២០នាទីនោះទេ​ ខណៈដែលក្រុមសង្គ្រោះ៧១១​ បានប្រើ​ឧបករណ៍កាត់ដែក​ ប្រើ​ថាមពលកម្លាំងខ្យល់​ ក្នុងការវះ និងកាត់ដែករថយន្ត​ រួមទាំងផ្នែកបច្ចេកទេស​ សម្រេចផ្ដាច់ចរន្តភ្លើ​ងចេញពី​អាគុយ​ ដើ​ម្បីការពារ​កុំអោយមានការឆ្លងប្រព័ន្ធភ្លើ​ងក្នុងពេលកាត់ដែក​ ហើ​យបានដាក់​អុកស៊ីហ្សែន​ចល័ត​អោយជនរងគ្រោះដកដង្ហើ​ម​ រហូតទាល់តែកាត់ដែកយកជនរងគ្រោះចេញមកក្រៅបាន នេះគឺដោយសារការសហការគ្នា ក្នុងការជួយសង្គ្រោះ​ ជនរងគ្រោះអោយរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ហើ​យបញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។

បើ​សិនជាបងប្អូន​បានជួបហេតុការណ៍គ្រោះថ្នាក់ និងគាបជាប់មនុស្សបែបនេះ​ សូមប្រញាប់ទាក់ទងទៅកាន់ពួកគាត់ឲ្យបានលឿន តាមរយៈលេខប្រចាំបញ្ជា (២៤ម៉ោង) 016700700​ ទើ​បក្រុមសង្គ្រោះអង្គភាព៧១១​ នៃកងពលតូចលេខ៧០ ចេញអន្តរាគមន៍ជួយសង្គ្រោះ​បានទាន់ពេលវេលា​ និងមិនគិតថ្លៃសេវាកម្មអ្វីទាំងអស់​ ។

ក្រោយកើតហេតុ​ រថយន្តរបស់ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល​រដ្ឋបាលក្រាំងពង្រ​ បណ្ដោះអាសន្ន​សិន​ ដើម្បីរង់ចាំសាច់ញាតិ​ យកឯកសារពាក់ព័ន្ធមកបញ្ជាក់​ រួចប្រគល់ជូនវិញ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post