header ads

Sponsor

សៀមរាបៈ អភិបាលខេត្តចាស់ ២ជំនាន់ រហូតដល់អភិបាលខេត្តថ្មី ស្ទឹងសៀមរាប កំពុងដង្ហោយឱ្យជួយសម្អាតផង កុំទុកឱ្យស្លែ និងសំរាមដាក់តាំងពេញទាំងក្នុងទឹកស្ទឹង កុំធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនា នៅក្នុងទីក្រុងប្រវត្តិសាស្ត្រនៃទឹកដីអង្គរខេត្តសៀមរាបរបស់យើងគេមើលងាយ ជាពិសេសប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបតែម្តង ដែលតែងនាំគ្នាដើរទៅហាត់ប្រាណឃើញគួរឱ្យខ្ពើម។

តាមប្រភពពីភ្ញៀវជាតិម្នាក់ គឺលោក សុជាតិ មកពីខេត្តកំពង់ធំ ដែលបាននាំប្រពន្ធកូនចូលមកដើរលេងតាមប្រាសាទអង្គរវត្ត បាននិយាយរិះគន់ទៅលើអភិបាលខេត្ត ដែលទើបតែងតាំងថ្មី ថា កាលពីជំនាន់អភិបាលខេត្តចាស់២ជំនាន់ មកហើយ ក៏ដូចជាអភិបាលខេត្តថ្មី គ្មានមើលស្ទឹងសៀមរាបទេ បានជាទឹកស្ទឹងប្រវត្តិសាស្ត្រ តាំងពីដូនតា មកខៀវស្រងាត់ គួរឱ្យចង់ផឹក តែបច្ចុប្បន្នខ្ពើមគួរឱ្យឆ្អើម ចាញ់ស្ទឹងកំពង់ធំទៀតផង។

ប្រភពបានបន្តថា បើប្រៀបធៀបទៅនឹងស្ទឹងសែនកំពង់ធំ និងស្ទឹងសង្កែខេត្តបាត់ដំបង ខុសគ្នាស្រឡះ គេមានសួនច្បារ តាំងពីមុខសាលាខេត្ត រហូតដល់ផុតកន្ទុយភ្នែក ប៉ុន្តែបងប្អូនដែលនាំក្រុមគ្រួសារមកលេងសៀមរាប តើគិតដូចខ្ញុំដែរឬទេ ថា ស្ទឹងសៀមរាប បើនាំគ្នាស្តារ ឱ្យជ្រៅ ហើយបង្ហូរទឹកដាក់វិញ ព្រមទាំងដាក់កម្មករឱ្យជួយសំអាត តាមដងស្ទឹង ជារៀងរាល់ថ្ងៃ ឬកន្លះខែ ចុះសម្អាតក្នុងស្ទឹង ដើម្បីយកស្លែ ឬសំរា​ម ដែលមនុស្សបោះចោលទៅក្នុងទឹក ម្តង ក៏វាឃើញស្អាតដែរ មិនបាច់ចាំសម្អាតរាល់ថ្ងៃក៏បាន។

ចំណែកអ្នកស្រី សុភា រស់នៅក្នុងក្រុងសៀមរាប បានរៀបរាប់ប្រាប់ថា នាងខ្ញុំដើរហាត់ប្រាណ នៅជុំគ្នាជាមួយមិត្តភក្តិ​ តែងតែឮភ្ញៀវដើរ លេងតាមដងស្ទឹង តាំងពីមុខព្រះរាជដំណាក់ រហូតដល់ផ្សារចាស់ និងនៅតាមដងស្ទឹងផ្លូវទៅភ្នំក្រោម គ្មានឃើញនរណាស្តារ ឬកាយសំរាមនៅក្នុងស្ទឹងឡើយ ហើយពួកគាត់នាំគ្នានិយាយរអ៊ូរដាក់គ្នាថា ហេតុអ្វីស្ទឹងសៀមរាប ឃើញសុទ្ធតែស្លែ និងសំរា​ម គ្មានឃើញអនាម័យអីចឹង​ តាំងពីអភិបាលខេត្តចាស់ រហូតដល់អភិបាលខេត្តថ្មី បើជួបអ្នកហាត់ប្រាណខាងក្រុង គេនិយាយថា ខាងខេត្ត សួរខាងខេត្ត ថា ខាងក្រុង បានន័យថា ស្ទឹងសៀមរាប បែរជាអាជ្ញាធរនិយាយដាក់គ្នាអីចឹង ទើបស្ទឹងសៀមរាបដល់ថ្នាក់ហ្នឹង។ អ្នកស្រីបន្តថា កាលពីមុនស្ទឹងសៀមរាបមិនទាន់ដល់ថ្នាក់នឹងទេ តាំងពីដេញពួកយួនតាមមាត់ស្ទឹង។

លោក តូ ម៉ាស់ ជនជាតិហ្វីលីនម្នាក់ ដែលមានអ្នកបកប្រែជាភាសារអង់គ្លេស បានរៀបរាប់ប្រាប់នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ចំថ្ងៃនៃក្តីស្រឡាញ់ របស់បងប្អូនប្រជាជនរបស់គេផងដែរ ថា បើយើងនាំគ្នាសម្អាតតែម្នាក់មួយដៃ ក៏វាឃើញស្អាតដែរ កុំថា ចាំបទបញ្ជាថ្នាក់លើ ទើបថ្នាក់ក្រោមចាត់ចែងនោះ។ លោកបានបញ្ជាក់ទៀតថា បើធ្វើយ៉ាងនេះ មុខជាខ្មាសភ្ញៀវបរទេស ជាពិសេសខ្មែរគ្នាឯង គេរិះគន់មិនដាច់ពីមាត់ថា មកពីថ្នាក់លើមិនមើល ទើបបានជាស្ទឹងវាទៅបែបនេះ។

មន្ត្រីសាលាក្រុងម្នាក់សុំមិនបញ្ចេ​ញឈ្មោះ បានប្រាប់ភ្នាក់ងារព័ត៌​មាននៅរសៀលថ្ងៃទី១៥ ខែកុម្ភៈថា ខាងសាលាក្រុងកាលពីប៉ុន្មានខែមុន បានប្រជុំគ្នានិយាយពីស្ទឹងសៀមរាបដែរ រឿងស្តារស្ទឹងនោះ ប៉ុន្តែបែរជាគ្មានឃើញលទ្ធផលផ្លែផ្កាដូចក្នុងកិច្ចប្រជុំពិភាក្សាសោះ។

ជុំវិញករណីខាងលើនោះ ភ្នាក់ងារព័ត៌មាន CAM POST មិនអាចសុំការទាក់ទងពីលោកប្រធានមន្ទីរបរិស្ថានខេត្តបានទេ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩  ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។ ចំណែកលោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលសាលាខេត្ត ភ្នាក់ងារព័ត៌មានយើង មិនអាចសុំការទាក់ទងបានទេ នៅរសៀលម៉ោង២រសៀល​ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០១៩ ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវាដូចគ្នា។

ពលរដ្ឋទូទាំងខេត្តសៀមរាប សូមសំណូមពរឱ្យលោក ទៀ សីហា អភិបាលខេត្ត ដែលទើបឡើងថ្មី មេត្តាជួយមើលស្ទឹងសៀមរាបផង កុំឱ្យភ្ញៀវបរទេសរិះគន់ ព្រោះខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ របស់ដូនតាខ្មែរជំនាន់មុន ដែលគេមកទស្សនាប្រាង្គប្រាសាទអង្គរ ជាច្រើនពូជសាសន៍ផងដែរ បើពួកគេដើរលេងតាមដងស្ទឹងសៀមរាប ប្រយ័ត្នគេថតបង្ហោះនាំខ្មាសគេ ព្រោះនៅមុខព្រះរាជដំណាក់ផង ជាពិសេសនៅមុខគណបក្សប្រជាជនតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post