header ads

Sponsor

កំពតៈ ស្នងការខេត្តកំពតរងការចោទថាបានដោះលែងអ្នកបើកបររថយន្តឲ្យមានសេរីភាព ខណៈជនរងគ្រោះ និងសាច់ញាតិកំពុងស្រែករកយុត្តិធម៌ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ប៉ះជាមួយរថយន្ត បណ្តាលឲ្យយុវជនម្នាក់ បានរងរបួសធ្ងន់ តែមិនបានមួយម៉ោងផង ម្ចាស់រថយន្ត និងរថយន្ត ត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពតបញ្ជាទៅឲ្យកូនចៅឲ្យអនុញ្ញាតឲ្យម្ចាស់រថយន្ត និងរថយន្តចេញពីប៉ុស្តិ៍រដ្ឋបាលគរបាល កោះតូច ខណៈជនរងគ្រោះកំពុងបញ្ជូនទៅមន្ទីរពេទ្យ ។

មជ្ឈដ្ឋានទូទៅ កំពុងមានមន្ទិលសង្សយ័ថា អាចមានអ្វីនៅពីក្រោយខ្នង របស់លោកស្នងការ ក្នុងការដោះលែងអ្នកបើករថយន្តឲ្យមានសេរីភាព និងរង់ចាំមើលថា អ្នកបើកបររថយន្តអាចរួចពីសំណាញ់ច្បាប់ដែរឬទេ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ហើយ មានអ្នកកាងនៅពីក្រោយខ្នងបែបនេះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចគីឡូម៉ែត្រលេខ១២ ភូមិកោះតូច ឃុំកោះធំ ស្រុកទឹកឈូ ខេត្តកំពត ។

ជនរងគ្រោះមានឈ្មោះ ញើង អាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ចំណែកឯអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ។

បើតាមឈ្មោះ ញើង អាង ជនរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាក CBR ស្លាកលេខ កណ្តាល 1S 7369 ក្នុងទិសដៅពីកើត ទៅទិសខាងលិច (កំពត ទៅកំពង់សោម) ក្នុងល្បឿនធម្មតា លុះដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AP 7453 បើកបរក្នុងទិសដៅស្របគ្នា ពីទិសខាងកើតទៅទិសខាងលិចដូចគ្នា ស្រាប់តែរថយន្តបត់ឆ្វេងក្នុងល្បឿនលឿន ធ្វើឲ្យរូបគេបើកបរម៉ូតូវាក់អើក៏ជ្រុលទៅប៉ះជាមួយរថយន្តតែម្តង បណ្តាលឲ្យរូបគេឌួលបោកខ្ទប់ទៅ និងថ្នល់រងរបួសជាទម្ងន់រួចរថយន្តបើករត់រហូតប្រជាពលរដ្ឋដេញឃាត់បានប្រគល់ឲ្យសមត្ថកិច្ច ។

ពាក់ពន្ធ័បញ្ហារនេះ ភ្នាក់ងារព័ត៌មានបានទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត តាមទូរស័ព្ទកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ បញ្ជាក់យ៉ាងខ្លីថា រឿងនេះ គឺអ្នកបើកបរម៉ូតូមានជាតិស្រវឹង ហើយជិះម៉ូតូទៅបុករថយន្ត រួច ក៏បិទទូរស័ព្ទ ។ ក្រោយមកលោកស្នងការខេត្តកំពត ម៉ៅ ចន្ទ័មធុរឹទ្ធបានឲ្យដឹងទៀតថា មិនបានអនុញ្ញាតឲ្យភាគីខាងរថយន្ត និងអ្នកបើកបររថយន្តចេញនោះទេ ។

ប៉ុន្តែភាគីខាងរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា ការដោះលែងអ្នកបើកបរ និងវត្ថុតាងឲ្យចេញពីប៉ុស្តិ៍នគរបាលកោះតូចទាំងយប់ ដោយមិនបានវាស់វែង ហើយមិនបានធ្វើកំណត់ហេតុអ្វីទាំងអស់នោះ គឺមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពតតែម្តង ។

លោកស្នងការបន្តថា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ថា ភាគីខាងរថយន្តបានចូលខ្លួនមកដោះស្រាយហើយៗ ក៏ព្រមចេញថ្លៃសំណង២០០០ដុល្លារ ប៉ុន្តែភាគីខាងរងគ្រោះមិនយល់ព្រម។

លោក សែម វិសុទ្ធ វេជ្ជៈបណ្ឌិតនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុន យ៉ាឃៀល បានបញ្ជាក់ពីស្ថានភាពជំងឺបស់ជនរងគ្រោះថា តាំងពីបញ្ជូនអ្នកជំងឺមកដល់ពេលនេះ គឺជំងឺមានសភាពធ្ងន់ធ្ងរ ភ្នាត់ឆ្អឹងត្រគាក បាក់ និងបែកឆ្អឹងត្រគាក ប៉ះពាល់ក្បាល និងដៃ ត្រូវការដាក់ដែក និងវះកាត់ប្រើរយះពេលយូរក្នុងការព្យាបាល ។

អ្នកមីង ដុស ស៊ាវ អាយុ៥៦ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះបានលើកម្រាមដៃដប់ សំពះសំណូមពរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យជួយរកយុត្តិធម៌ជូនកូនគាត់ផង ដែលកូនរបស់គាត់ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ខណៈអ្នកបើករថយន្តត្រូវបានលោកស្នងការដោះលែងឲ្យមានសេរីភាពគ្មានភាពទំនួលខុសត្រូវ ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post