
ភ្នំពេញៈ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនដឹងស្មានថា ឋានៈត្រឹមតែជាមេប៉េអឹមខេត្តមួយសោះ បែរជាលោក គឹម រស្មី មានលុយចែកកូនៗដល់ទៅ៥០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើតកាលពីយប់មិញ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានអះអាងជាសាធារណៈថា លោកក៏បានបញ្ជូនកូនទៅរៀនដល់ប្រទេសអ្នកមានសឹង្ហបុរីផងដែរ។ ការនេះ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ចំពោះចំណូលរបស់លោកមេបញ្ជាការប៉េអឹមខេត្តទិសឦសាន គឹម រស្មី ខណៈប្រាក់ខែរដ្ឋត្រឹមតែជាង១លាន ឬ២លានរៀលប៉ុណ្ណោះ។
បើយោងតាមវិដេអូមួយ ដែលបង្ហោះកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគណនីហ្វេសប៊ុកឈ្មោះ Gee Yong គេឃើញលោក គឹម រស្មី បានឡើងឈរលើវេទិកាខួបកំណើត ឈរអមដោយភរិយា និងកូនៗ ហើយលោកបានប្រកាសជាសាធារណៈចែកសែកដល់កូនៗចំនួន៥នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនដុល្លារអាមេរិក សរុប៥០ម៉ឺនដុល្លារ សម្រាប់ជាកាដូដល់ពួកគេ។
ចំពោះករណីនេះ មហាជនចោទជាសំណួរថា ទ្រព្យសម្បត្តិគាត់មហិមាណាស់ តើគាត់បានមកពីណា ថ្នាក់ដឹកនាំកំពូលតែងតែចង់ឲ្យមានសន្តិភាព រវាងពលរដ្ឋនឹងពលរដ្ឋ ដោយឲ្យអ្នកមានធនធាន និងមានអំណាច ចុះមូលដ្ឋាន ដើម្បីបង្កលក្ខណៈឲ្យមានសន្តិភាពយូរអង្វែង តែបើម្នាក់ៗ ដូចលោកមេប៉េអឹមរូបនេះ មកបង្ហាញលុយកណ្តាលហ្វូងបែបនេះ តើសតិអារម្មណ៍របស់ពលរដ្ឋទៅជាយ៉ាងណា??? អ្នកខ្លះថា ACU អាចធ្វើការស៊ើបអង្កេតបាន។
សូមស្ដាប់សម្ដីដ៏មហិមារបស់មេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ក្នុងវិដេអូឃ្លីបខាងក្រោមនេះ៕


