
ភ្នំពេញៈ មហាជនកាន់តែខ្លោចចិត្តអាណិតក្រុមគ្រួសារលោក ខេមរៈ សិរីមន្ត ទ្វេឡើងបន្ទាប់លោកបានទម្លាយរឿងរ៉ាវធ្វើប្អូនស្រីដ៏ល្អចេះគោរពចាស់ទុំ បែរជាបាត់បង់ជីវិត ព្រោះការចេញបញ្ជាថ្នាំពេទ្យខុស។ មិនដឹងពេទ្យឲ្យថ្នាំ កាលពី៤ឆ្នាំមុន មានអារម្មណ៍បែបណា ពេលឃើញគេមានទុក្ខ ព្រោះតែខ្លួន ខណៈប្អូនស្រីលោក ទ្រាំរយៈពេល៤ឆ្នាំ ជាពេលដ៏លំបាកបំផុត រហូតទីបំផុតនៅតែមិនអាចជួយសង្រ្គោះបាន។
តារាចម្រៀង ខេមរៈ សិរីមន្ត បានអះអាងថា មូលហេតុដែលប្អូនស្រីរបស់លោកបាត់បង់ជីវិត គឺបណ្តាលមកពីការប្រើប្រាស់ថ្នាំខុស ខណៈវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យប្អូនស្រី មិនត្រឹមត្រូវ ជាហេតុធ្វើឱ្យប្អូនស្រីលោក ធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវចេញទៅព្យាបាលឆ្លងប្រទេស និងចំណាយប្រាក់អស់ជាច្រើនសន្ធឹកសន្ធាប់ ក្នុង១ខែ ចាប់ពី៦ពាន់ដុល្លារ រហូតដល់១ម៉ឺនដុល្លារ ក៏នៅតែមិនអាចស្រោចស្រង់ជីវិតប្អូនលោកបានទៀត។
តាមរយៈសន្និសីទសារព័ត៌មាន រយៈពេលជាង៥០នាទី លោក ខេមរៈ សិរីមន្ត បានរៀបរាប់ទាំងស្រុងថា “ក្នុងថ្ងៃនេះ ខ្ញុំបានសន្យាជាមួយក្រុមអ្នកសារព័ត៌មាន នឹងផ្តល់ជូននូវព័ត៌មានដែលបងប្អូនចង់ដឹង រយៈកាល៤ឆ្នាំកន្លងមកហើយ ហើយការផ្តល់ជូននៅក្នុងថ្ងៃនេះ គឺជាប្រយោជន៍សម្រាប់បងប្អូន ពូមីង ដែលតាមដានពាក់ព័ន្ធបញ្ហាសុខភាពផងដែរ នៅក្នុងពេលនេះ ខ្ញុំសូមលើកយកចំណុច៣ធំៗ ដែលយើងធ្វើការផ្តល់បទសម្ភាសន៍នេះ បានប្រយោជន៍ទៅលើអ្វីខ្លះ ដែលជាផលចំណេញរបស់យើង គឺទី១-ខ្ញុំបាទផ្ទាល់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយនឹងក្រសួងសុខាភិបាល ប្រយុទ្ធប្រឆាំងជាមួយនឹងឱសថក្លែងក្លាយ ទី២-យើងចង់បញ្ជ្រាបសារពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំពេទ្យ ដែលនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ទី៣-យើងចង់អំពាវនាវ ទទួចអង្វរដល់បណ្តាឌុកទ័រ និងអ្នកលក់ថ្នាំនៅតាមគ្លីនិកផ្សេងៗ សូមមេត្តាវិនិច្ឆ័យរកជំងឺឱ្យបានច្បាស់លាស់ កុំឱ្យមានការថ្លោះធ្លោយ នាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ ជាក់ស្តែងករណីប្អូនស្រីខ្ញុំ ដែលបាត់បង់ជីវិតនេះ មិនមែនជារឿងធម្មតា ហើយក៏មិនមែនជារឿងថ្មីៗដែរ គឺផ្តើមឡើងកាលពី៤ឆ្នាំមុន កាលពី៤ឆ្នាំមុន ខ្ញុំចាំបាននៅក្នុងខែ៧ ឆ្នាំ២០១៥ កាលណោះប្អូនស្រីខ្ញុំ ម៉ោង២យប់ គាត់ថប់ដង្ហើម ដកដង្ហើមមិនរួច គាំងបេះដូង នៅក្នុងពេលវេលានោះ គឺខ្ញុំជូនគាត់ទៅកាល់ម៉ែតទាំងយប់ យើងនិយាយពីហេតុអ្វី បានជាគាត់គាំងបេះដូង? ប្អូនខ្ញុំ គឺមានសុខភាពល្អ កាយសម្បទាល្អធម្មតា ហាត់រាំច្រៀងអីធម្មតា ប៉ុន្តែនៅពេលវេលាមួយ កាលពីខែ៥ ខែ៦ គាត់រាំទៅភ្លាត់ស្នៀត ក៏គ្រេចកជើង ហើយក៏កើតជាកន្ទួលក្រហមៗ ដូចមូសខាំនៅតាមកជើង និងថែមទាំងហើមកជើងទៀតផង លុះគាត់សម្រាក២-៣ថ្ងៃទៅ ក៏បាត់ទៅវិញទៅ បន្ទាប់មកមានការហាត់សមរាំ ចេញសម្តែងទៀត គាត់មានអាការហើមកជើងដដែល២-៣ដង ២-៣លើក គាត់ក៏សម្រេចចិត្តទៅរកការព្យាបាលពីពេទ្យសរសៃ ឬពេទ្យណា ដែលពាក់ព័ន្ធនឹងកជើងរបស់គាត់ ក៏មានការណែនាំពីបងស្រីធំរបស់ខ្ញុំ ឱ្យទៅរកពេទ្យសរសៃពូកែនៅផ្សារតាប៉ាង ទើបគាត់សប្បាយចិត្តចង់ទៅព្យាបាលឱ្យបានជាឡើងវិញ ព្រោះគាត់ត្រូវមានកម្មវិធីនៅតាមខេត្ត ពេលនោះគាត់ស្ទុះទៅឱ្យគេពិនិត្យឈាម ដើម្បីរុករកជំងឺ ហើយឌុកទ័រ គាត់សង្ស័យថា ប្អូនស្រីខ្ញុំមានជំងឺសន្លាក់ ហើយទៅឱ្យពិនិត្យឈាមនៅឡាបូធំជាងគេ គេថា អត់មានសន្លាក់អីទេ ក៏ត្រឡប់មកវិញ តែមិនដឹងជាយ៉ាងម៉េច ឌុកទ័រនោះគាត់មើលចុះមើលឡើង ក៏ថា ប្រហែលជាកើតសន្លាក់ដំណាក់កាលដំបូង ចឹងគាត់ក៏ផ្សំថ្នាំ១កញ្ចប់ (ថ្នាំពេទ្យ) រួចប្រាប់ប្អូនស្រីខ្ញុំថា ឱ្យប្រឹងលេប១អាទិត្យជាហើយ” ។
លោក ខេមរ សិរីមន្ត បន្តថា “បន្ទាប់មកប្អូនស្រីខ្ញុំគាត់ចង់ជា ព្រោះមានកម្មវិធីច្រើន ដល់កាលណាមានហើមកជើង និងកន្ទួលក្រហមចឹង គាត់បារម្ភថា ធ្វើការមិនបានល្អ អាចពិបាកក្នុងការធ្វើការ ដល់ចឹងគាត់ទ្រាំលេបបាន១ថ្ងៃ មានអារម្មណ៍ថា ថប់ដង្ហើម ដកដង្ហើមអត់រួចទេ ពេលហ្នឹងគាត់អត់ប្រាប់អ្នកណាទាំងអស់ ព្រោះគាត់ចង់ជា ហើយគាត់ក៏ទ្រាំលេបថ្នាំ១ថ្ងៃទៀត ពេលនោះហើយ ដែលគាត់ គឺគាំងបេះដូងតែម្តង គឺថប់ដង្ហើមគាំងបេះដូងភ្លាមៗ ម៉ោង២យប់នោះ បងប្អូនផ្អើលឈូរឆ យកគាត់ទៅកាល់ម៉ែតភ្លាម យើងកាន់ថ្នាំ ដែលគាត់លេបទៅដែរកាលនោះ ដល់ព្រឹកឡើងបានគ្រូពេទ្យជំនាញនៅកាល់ម៉ែត គាត់មកដល់ គាត់ជួយខ្នះខ្នែងមើលស្ថានភាពប្អូនស្រីគាត់ ដល់គាត់យកថ្នាំមកមើល ហើយគាត់មើលស្ថានភាពជំងឺ គាត់បានប្រាប់ថា ប្អូនស្រីខ្ញុំសង្វាក់បេះដូងខ្សោយមែនទែន គឺប៊ិះហ្នឹងស្លាប់ទៅហើយ ទឹកវិញ គឺចូលសួតអស់ហើយ ក្រលៀនរលាកកម្រិតធ្ងន់ហើយ ក្រពះក៏រលាក បំពង់កក៏រលាក គាត់សួរថា ទៅធ្វើអី បានជាមនុស្សនៅវ័យប៉ុណ្ណឹង ក្មេងប៉ុណ្ណឹង ហេតុអីបានគ្រឿងក្នុងគាត់ត្រូវបានខ្ទេចក្នុងរយៈពេលដ៏ខ្លី យើងក៏បង្ហាញថ្នាំហ្នឹងឱ្យគាត់មើល គាត់ក៏ថា ថ្នាំហ្នឹង គឺថ្នាំសន្លាក់ ថ្នាំហ្នឹង គឺគ្រោះថ្នាក់បំផុតសម្រាប់សុខភាព គឺវាយកម្ទេចគ្រឿងក្នុង បើសិនជាវិនិច្ឆ័យមិនត្រូវ ទីបំផុត គ្រឿងក្នុងគាត់ត្រូវបានខ្ទេចខ្ទីអស់ហើយ រយៈពេលនោះ គឺក្រុមគ្រួសារខ្ញុំ ឪពុកម្តាយខ្ញុំ មានការឆួលអារម្មណ៍ មិនគួរណាមានរឿងហ្នឹងកើតឡើងចំពោះប្អូនស្រីខ្ញុំសោះ រយៈពេលតែ២ថ្ងៃ ពីមនុស្សដែលមានកម្លាំងកំហែង អាចធ្វើការ សម្តែងបាន គ្រាន់តែហើមកជើងតិចតួច …”៕







