
ភ្នំពេញៈ យុវជន២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ត្រូវរថយន្ដមិនស្គាល់ម៉ាក បើកកៀរបណ្ដាលអោយដួលធ្លាក់អ្នកអង្គុយពីក្រោយចូលក្រោមកង់រថយន្ដកិនស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ចំណែករថយន្ដបង្កក្រោយពីបង្កហេតុបន្ថែមល្បឿនបើកគេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃសៅរ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចស្ដុបលូប្រាំ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ឡា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅម្ដុំទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិគ្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ជាអ្នកជិះពីក្រោយ។ ចំណែកអ្នកបើកបររងរបួសស្រាល ឈ្មោះ ឡឹក ស៊ីខាវ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើជាងដែកម្តុំកាណាឌីយា ស្នាក់នៅបន្ទប់ជួលម្តុំវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតដូចជនរងគ្រោះខាងលើ ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីចាស់ ឡើងតែមថ្មី ពាក់ស្លាកលេខភ្នំពេញ 1M-0483។
តាមប្រភពពីជនរងគ្រោះជាអ្នកឌុបបានប្រាប់អោយដឹងថា មុនពេលកើតហេតុពួកគាត់ទាំង២នាក់បានចេញពីផឹកស៊ីនៅម្ដុំទួលពង្រ គិតថាទៅដើរលេងនៅកោះពេជ្រ តែពេលជិះម៉ូតូឌុបគ្នាទិសដៅពីលិចទៅកើត មកដល់ស្តុបលូប្រាំ ក៏នាំគ្នាបត់ត្រឡប់ក្រោយវិញ ព្រោះគិតថា ខ្លាចយប់ជ្រៅពេក។ ពេលដែលបត់ត្រឡប់ក្រោយបានប្រហែល២០ទៅ៣០ម៉ែត ក៏ត្រូវរថយន្ដធន់ធំមិនចាំម៉ាកមួយគ្រឿង បើកទិសដៅពីកើតទៅលិច យ៉ាងលឿនមកកៀរ បណ្ដាលដួល និងធ្វើអោយអ្នកអង្គុយខាងក្រោយធ្លាក់ចូលក្រោមកង់រថយន្ដកិនស្លាប់តែម្ដង។
ក្រោយកើតហេតុជនរងគ្រោះ ដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពជនរងគ្រោះម្នាក់ទៀត សមត្ថកិច្ចធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ រង់ចាំយកឯកសារគ្រប់គ្រាន់មកផ្ទៀងផ្ទាល់ ទើបប្រគល់អោយវិញ៕







