
ភ្នំពេញៈ យ៉ាងហោចណាស់យុវជន៤នាក់ របួសធ្ងន់សន្លប់ស្ដូកស្ដឹង និងម្នាក់ទៀតរបួសស្រាល ខណៈពួកគេជិះម៉ូតូកាន់ខ្សែក្រវ៉ាត់ប្រដេញតាមវាយគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលទៅបុករបាំងថ្មព្រួញពុះចែកផ្លូវ ដួលម៉ូតូ២គ្រឿងតែម្ដង។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៖០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចមុខរោងចក្រកាត់ដេ MV លើកំណត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ថា មុនកើតហេតុគេឃើញ ក្រុមក្មេងស្ទាវជាច្រើននាក់ ជិះម៉ូតូ៣-៤គ្រឿង ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ដោយខ្លះមានកាន់ខ្សែក្រវ៉ាត់ជាប់ដៃ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែអកហ្សឺគ្នា ធ្វើឲ្យម៉ូតូទាំង២គ្រឿង មួយគ្រឿងម៉ាក Honda Dream ប៊ិចសេ110 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-3397 និងម៉ូតូមួយគ្រឿងទៀតម៉ាក EXCITER ពណ៌ខ្មៅ បិតតែមអក្សរអង់គ្លេស (មិនមានស្លាកលេខ) ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យម៉ូតូដួលខ្ទាតជិត១០ម៉ែត្រ ចូលទៅក្រោមរថយន្ត ចំណែកយុវជនទាំង៥នាក់នោះ ខ្ទាតផ្លោះបោកទៅលើថ្នល់ រងរបួសធ្ងន់ដេកសន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវទាំង៤នាក់តែម្ដង (ក្នុងនោះមានម្នាក់របួសធ្ងន់ធ្ងរជាងគេ បាក់ភ្លៅខាងឆ្វេងចេញឆ្អឹង) ចំណែកឯយុវជនម្នាក់ទៀតរបួសស្រាល។
បន្តិចក្រោយមកមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះមកដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ និងហៅរថយន្តគិលានសង្គ្រោះមួយគ្រឿង របស់គ្លីនិកឯកជន ហុងហាក់ មកដឹកជនរងគ្រោះយកទៅសង្គ្រោះផងដែរ។
ក្រោយពីកើតហេតុ ម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងល្បាតបាញ់គំនូស រួចហៅរ៉ឺម៉កកង់បីមកដឹកយកទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕










