header ads

Sponsor

ភ្នំពេញៈ យុវជន២នាក់ ជិះម៉ូតូឌុបគ្នាត្រឡប់មកពីជួបជុំមិត្តភក្តិ​វិញ សង្ស័យស្រវឹងស្រា​ បានជិះម៉ូតូឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន​ ខ្វះការប្រុងប្រយត្ន័​ ជិះចូលផ្លូវមានដីខ្សាច់ច្រើន បណ្ដាលរអិលដួលអូសជិត១០ម៉ែត្រ​ រងរបួសធ្ងន់ទាំងពីរ ដោយ​មានឈាមចេញតាមត្រចៀកថែមទៀតផង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី​រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ហួសផ្លូវចូលសាលាខណ្ឌមានជ័យប្រហែល៣០ម៉ែត្រ​ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AF-3906 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងទិសដៅពីជើ​ងទៅត្បូង លុះមកដល់ចំណុចកើតហេតុផ្លូវបត់ចូលការដ្ឋានមានដីខ្សាច់ច្រើន ស្រាប់តែពួកគេជិះចូលកាត់ដីខ្សាច់នោះ បណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់​ ដោយមានឈាមចេញតាមត្រចៀកថែមទៀតផង ហើយត្រូវបានអ្នកឃើញហេតុការណ៍ផ្ទាល់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានទាក់ទងរថយន្តសង្គ្រោះបន្ទាន់ឲ្យចុះមកដឹកជនរងគ្រោះទាំង២នាក់ យកទៅសង្គ្រោះផង។

បន្តិចក្រោយមក​គេឃើ​ញមានរថយន្តគិលានសង្គ្រោះមួយគ្រឿង​ របស់គ្លីនិកឯកជន​ មហានគរ​ បានមកដឹកយកជនរងគ្រោះទាំង២នាក់ បញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុម៉ូតូរបស់ជនរងគ្រោះ ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមដឹកយកទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្ន ដើម្បីរង់​ចាំ​សាច់ញាតិ​យកឯកសារពាក់ព័ន្ធមកបញ្ជាក់​ រួចប្រគល់ជូនវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post