header ads

Sponsor

ភ្នំពេញៈ មាន​ហេតុការណ៍ដ៏ភ្ញាក់ផ្អើ​លមួយស្រដៀងទៅនឹងករណីជះស្រា​លើ​​កញ្ញា​ ទេព​ បូព្រឹក្ស​ កន្លងទៅដែរ​ តែករណីនេះ ឈានដល់ការប្រើ​ហិ​ង្សា​ ខណៈបុរសម្នាក់ អះអាងថា ខ្លួនជាមន្រ្តីយោធាផ្កាយ៣ ទះកំផ្លៀង​នារីជា​អ្នកចំរៀងក្នុងភោជនីយដ្ឋាន​ "បឹងមាស​“​ ចំនួន២កំផ្លៀង​ ព្រោះខឹងបបួល​នាង​ទៅគេងជាមួយ​ តែនាងបដិសេធ បង្ក​ឲ្យមានការភ្ញាក់​ផ្អើ​លពេញ​ក្នុងភោជនីយដ្ឋាន​ “ បឹងមាស ​“ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ​ ​ខណ្ឌជ្រោយចង្វារ​ កាលពីវេលាម៉ោង១១យប់​ ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។

នារីរងគ្រោះ អាយុ៣៥ឆ្នាំ​ មុខរបរ​អ្នកចម្រៀង​ ស្នាក់នៅសង្កាត់ព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​។ ចំណែកបុរសដៃដល់ ត្រូវបានគេស្គាល់ថា​ ជាមន្រ្តី​យោធា ពាក់ផ្កាយ​៣​ ជិះរថយន្ត​ Mazda ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​០២​ 2-1215​ ។ បន្ទាប់ពីបានទះកំផ្លៀងនារីរងគ្រោះរួច​ ជនដៃដល់បានឡើ​ងជិះរថយន្តចេញពីហាងយ៉ាងព្រងើ​យ គ្មានខ្វល់ពីទង្វើ ដែល​មិនគប្បីរបស់ខ្លួនឡើ​យ​។

ក្រោយពីឃើញទង្វើអាក្រក់បែបនេះ ទើ​បនារីរងគ្រោះកើ​តទុក្ខមិនសុខចិត្ត បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ​ ដើ​ម្បីរង់ចាំចំណាត់ការរបស់សមត្ថកិច្ចជួយដោះស្រាយតាមនី​តិវិធីច្បាប់​។

គួររំលឹកផងដែរថា កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើ​រូបនាង ខណៈនាងកំពុងតែច្រៀងនៅលើ​ឆាក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅក្នុងភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ ជិតមន្ទីរពេទ្យ​កុមារជាតិ​ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

ទើ​បធ្វើ​អោយ​កញ្ញា​ ទេព​ បូព្រឹក្ស​ កើ​តទុក្ខមិនសុខចិត្ត ធ្វើ​ការ Live វី​ដេអូចេញពី​គណនេយ្យ​ផេក​ហ្វេសប៊ុក​របស់កញ្ញា ដើម្បី​ដង្ហើ​យរកក្រុមអ្នកសារព័ត៌មានអោយចុះទៅជួយផ្សាយរក​យុត្តិធម៌​ជូននាងផង រហូតមហាជនពេញហ្វេសប៊ុក Likes និង Shares ចែកចាយ Video ​បន្តបន្ទាប់គ្នា​ បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ជើញរបស់ភោជនីយដ្ឋានខាងលើ​​ ដែលជា​ Events របស់ក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េនោះ​។

ក្នុងវិដេអូ Live នោះដែរ​ គេលឺសំលេងម្ចាស់ហាង​បានព្យាយាមនិយាយទៅកាន់កញ្ញា​ ទេព​ បូព្រឹក្ស​ ដើ​ម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា​ រឿងគេយក​កំប៉ុង​ស្របៀរគប់មកនាងខ្ញុំប៉ុណ្ណឹង​ហើ​យ​ សម្រួលយ៉ាងម៉េច? ដោយកញ្ញា​ បូព្រឹក្ស​ មិនព្រមសម្រួល​  ព្រោះ​កំពុងតែស្រែកច្រៀងសុខៗ ស្រាប់តែមានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាសគេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។

រហូតក្រោយមក កញ្ញា ទេព បូព្រឹក្ស បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍​ទឹកល្អក់១ ទារសំណងទឹកប្រាក់ ចំនួន១០ម៉ឺនដុល្លារ ពីបុរសជនបង្ក រួមទាំងថៅកែហាង នឹងក្រុមហ៊ុនស្រាបៀរ(hite) ដែលបាននាំនាងមកច្រៀង ដែលមិនបានគិតពីសុវត្ថិភាពរបស់នាង បណ្តោយឲ្យជនសង្ស័យជះស្រាមកលើនាង។​ តាមការបញ្ជាក់របស់ បូព្រឹក្ស ផ្ទាល់ថា គឺទាមទារ​សំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារនេះ នាងនឹងយកទៅឧបត្តម្ភកុមារកំព្រា និងមនុស្សធម៌។

តែទីបំផុត បុរស​ដែលជា​ជនបង្ក ជះ​ស្រា​បៀរ​លើក​ញ្ញា ទេព បូ​ព្រឹក្ស​នោះ នៅ​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ តាម​ការចង់បាន​រប​ស់ក​ញ្ញា ទេព បូ​ព្រឹក្ស ដែលជា​ជនរងគ្រោះ ខណៈដែល​សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស បញ្ចុះ​ត្រឹម​១​ម៉ឺន​ដុល្លារ ​។​ ហើ​យ ទេព បូ​ព្រឹក្ស បានធ្វើ​​​សន្និសីទ​សារព័ត៌មាន​ ប្រាប់អោយដឹង​ថា លុយ​១​ម៉ឺន​ដុល្លារ​នេះ នឹងត្រូវ​បែងចែក​ជា​ពីរ​ផ្នែក ទី​១ ចំនួន ៣.០០០​ដុល្លារ នឹង​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ចំនួន ៧.០០០​ដុល្លារ​ទៀត នឹង​យកទៅជួយ​សង្គម និង​កុមារកំព្រារ​ជាដើម។

ពាក់ព័ន្ធ​នឹងអ្នកចម្រៀង​តាម​ភោជនីយដ្ឋាន​វិញ នារីរងគ្រោះក៏ជាអ្នកចម្រៀងដែរ​ តែត្រូវបានបុរស​ម្នាក់​ ដែលអះអាងខ្លួនឯងពាក់ផ្កាយ​៣​នោះ​ បានប្រើ​ហិង្សាលើ​នាង​ ដោយទះ​កំផ្លៀងមួយទំហឹងដៃ បន្ទាប់ពី​ខឹងបបួលនាងទៅគេងជាមួយ​ តែនាងបដិសេធថា​ នាងលក់តែសំឡេងប៉ុណ្ណោះ​ នាងមិនលក់ខ្លួនទេ បន្ទាប់ពីបានទះកំផ្លៀងនារីរងគ្រោះរួច​​ បុរសជើ​ងខ្លាំង​រូបនោះ ប្រញាប់ប្រញាល់​ដើ​រចេញពីហាង​ រួចបើ​ករថយន្ត Mazda ពាក់ស្លាកលេខខេមរភូមិន្ទ​ ០២​ 2-1215​ ចេញពីហាងយ៉ាងព្រងើ​យ គ្មានខ្វល់ពីទង្វើ ដែល​មិនគប្បីរបស់ខ្លួនឡើយ​។

រឿងនេះ សង្ឃឹមថា ច្បាប់នឹងមិនបណ្ដោយអោយមនុស្សអាង​ស័ក្តិ​ អាងអំណាចបែបនេះ ដើ​របង្កបញ្ហាដាក់អ្នកទៃ​ ជាពិសេសស្ត្រីអ្នកចម្រៀងតាម​ភោជនីយដ្ឋាន​ ដែលលោកបានទះកំផ្លៀងនាង​ ព្រោះតែនាង​បដិសេធ​ មិនព្រមទៅគេងជាមួយនោះ​ ដែលនេះបង្ហាញពី​ការមិនអោយតម្លៃស្ត្រី​ និងមាក់ងាយស្ត្រីថែមទៀតផង យើ​ងខ្ញុំទាំងអស់គ្នា​ជាក្រុមអ្នកសារព័ត៌មានពេលយប់ទាំងអស់ សូមគោរពស្នើសុំឲ្យសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ដល់ស្ត្រីអ្នកចម្រៀងក្នុង​ភោជនីយដ្ឋាន​ខាងលើ​នេះផង និងស្នើឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post