
ភ្នំពេញៈ រថយន្តហ៊ឺយ៉ាន់ដាយដឹកក្តារកុងប្លាកេធុនធំមួយគ្រឿង បើកលឿនមិនប្រយ័ត្នជ្រុលរេចង្កូតបើកកៀររបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យទ្រូងផ្លូវចំនួន៦កង់ ត្រូវរងការខូចខាតដាច់ចេញពីគ្នា ចំណែករថយន្តត្រូវដាច់កង់ផ្នែកកណ្តាល មិនអាចបន្តដំណើរទៅមុខទៀតបានទេ តាំងពីកណ្ដាលអធ្រាត្រ រហូតមកដល់ព្រឹក ធ្វើឲ្យប្រជាពលរដ្ឋរអ៊ូរទាំចំពោះនគរបាលជំនាញដែលចុះមកវាស់វែងហើយ ពុំព្រមរកវិធីសាស្ត្រណាមួយ ដើម្បីយករថយន្តបង្កខាងលើចេញពីកន្លែងកើតហេតុនោះឡើយ បង្កឱ្យមានការកកស្ទះចរាចរណ៍មួយចំហៀងផ្លូវយ៉ាងណែនណាន់តាន់តាប់រាប់ម៉ោងតែម្តង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ២១៧ ទល់មុខវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កជាប្រភេទរថយន្តហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2861 ។
តាមប្រភពព័ត៌មានឱ្យដឹងថា មុនកើតហេតុ គេសង្កេតឃើញរថយន្តបង្កបានបើកបរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះដល់ចំណុចខាងលើ រថយន្តបានរេចង្កូតបើកកៀររបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរបាំថ្ម៦កង់ រងការខូចខាតដាច់ចេញពីគ្នា រីឯរថយន្តដាច់កង់មិនអាចបន្តដំណើរទៅមុខបាន ។ ភ្លាមៗនោះអ្នកបើករថយន្ត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការសាកសួរអត្តសញ្ញាណផងដែរ (តែមិនដឹងថាឃាត់ខ្លួន ឬក៏អត់នោះទេ)។
សូមបញ្ជាក់ថា តាំងពីពេលកើតហេតុ រហូតមកទល់នឹងវេលាម៉ោង១០ព្រឹកថ្ងៃខែដដែលនេះ នគរបាលជំនាញបានចុះមកវាស់វែងអស់ហើយ ប៉ុន្តែនគរបាលពុំព្រមរកវិធីសាស្ត្រណាមួយ ដើម្បីយករថយន្តបង្កខាងលើចេញពីកន្លែងកើតហេតុឡើយ ជាហេតុធ្វើឱ្យបណ្តោយផ្លូវខាងលើ (មួយចំហៀងផ្លូវ) ត្រូវកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់តែម្តង ចាប់ពីម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវវេងស្រេង ផ្លូវសឡា រហូតមកដល់ចំណុចខាងលើនេះ ដែលធ្វើអោយប្រជាពលរដ្ឋដែលជាបុគ្គលិកក្រុមហ៊ុនផ្សេងៗ សិស្ស និស្សិត ជាច្រើននាក់មានការយឺតយ៉ាវក្នុងការធ្វើដំណើរទៅសាលា និងយឺងម៉ោងចូលធ្វើការស្ទើរគ្រប់ៗគ្នា៕

















