
ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានជនរងគ្រោះ រួមនឹងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ក្រោយធ្វើសកម្មភាពលួចយកទូរស័ព្ទដៃពីកូនស្រីរបស់គាត់ កាលពីវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះល្វែងសង់ថ្មី ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទៀង ស៊ីថា ហៅស៊ីថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុក សឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវ បេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
សមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់ បានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានអោយទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ខ្មៅ ទៅកូនស្រីលេងហ្គេម រួចជនរងគ្រោះបានដើរចូលទៅធ្វើការ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ 1CQ.1800 មកឃើញកូនស្រីជនរងគ្រោះ កំពុងកាន់ទូរស័ព្ទលេងហ្គេម ក៏ធ្វើសកម្មភាពប្រើដៃឆ្វេងចាប់យកទូរស័ព្ទ បម្រុងរត់គេចខ្លួន តែត្រូវបានជនរងគ្រោះឃើញស្រែកថា ចោៗ ភ្លាមនោះកម្លាំងល្បាតទៅដល់ក៏ធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

