header ads

Sponsor

កំពតៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងថា អ្នកនយោបាយខ្លះ បានប្រៀបធៀបកម្ពុជា ទៅនឹងប្រទេសវេណេហ៊្សុយអេឡា ប៉ុន្តែសូមកុំភ្លេចថា តួអង្គនេះ មិនដែលជួយអ្វីដល់ស្រុកខ្មែរនោះទេ ក្រៅពីបំផ្លិចបំផ្លាញ ក្រៅពីញុះញង់ ដើម្បីអំណាចផ្ទាល់ខ្លួន ។

លោកបន្តថា ប្រជាពលរដ្ឋកំពុងតែមានសេចក្តីសុខ បែរដឹកនាំធ្វើបាតុកម្មតាមរោងចក្រ តាមបន្ទាត់ព្រំដែន ដើរបំផុសចលនាឲ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើបាបប្រជាជនខ្លួនឯង ។ ហើយលើកនេះ ដើរបំផុសចលនាដល់កងកម្លាំង ។ បើចង់ឈ្នះខំប្រឹងទៅ ខិតខំបម្រើប្រជាពលរដ្ឋ កុំដើរអុជអាលប្រជាពលរដ្ឋ កងកម្លាំងប្រដាប់វុធបំផ្លាញប្រទេសខ្លួនឯង ដើម្បីមហិច្ឆតានយោបាយខ្លួនឯង ហើយអាងតែខ្លួនឯងមានលិខិតឆ្លងដែនបរទេសងាយស្រួលទៅនៅបរទេសទុកឲ្យប្រទេសវេទនា ប្រជាជននៅវេទនា ហើយខ្លួនឯងរត់ទៅក្រៅនោះ កុំសង្ឃឹម ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការសម្ពោធសមិទ្ធផលនៅថ្ងៃនេះ គឺស្របពេលនឹងប្រទេសជាតិមានការរីកចម្រើន និងទទួលបានសេចក្តីសុខសន្តិភាព ស្ថិរភាព និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ។ នៅក្នុងខណៈពេលដែលប្រជាពលរដ្ឋមានសុខសន្តិភាពមានភាពសប្បាយរីករាយ ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធត្រូវត្រៀមជានិច្ចដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព សន្តិសុខជូនប្រជាជនគ្រប់ពេលទាំងអស់ ។ សូមកោតសរសើរនិងអរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅក្នុងតំបន់ប្រតិបត្តិការសឹកខេត្តកំពតដែលបានបំពេញភារកិច្ចនៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេចក្តីសុខជូនដល់ប្រជាពលរដ្ឋរបស់យើង ។ ទន្ទឹមនឹងសេចក្តីសុខ និងស្មារតីឯកភាពជាតិ ការធានាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គមគឺជាកិច្ចការដែលសំខាន់ដែលត្រូវយកចិត្តទុកដាក់ទាំងកត្តាខាងក្រៅផងនិងកត្តាខាងក្នុងផង ។ ជាពិសេសឥទ្ធិពលនៃការវិវត្តន៍របស់សភាពការណ៍សន្តិសុខពិភពលោកនិងតំបន់ក៏ដូចជាការចិញ្ចឹមចិត្តដួលរំលំរដ្ឋាភិបាលស្របច្បាប់តាមគ្រប់រូបភាពជាពិសេសចលនាបដិវត្តពណ៌ និងការប៉ុនប៉ងរបស់បរទេសក្នុងការជ្រៀតជ្រែកផ្ទៃក្នុងតាមគ្រប់រូបភាព ។ តាមរយៈការជ្រៀតជែ្រកផ្ទៃក្នុងរបស់បរទេស ប្រវត្តិសាស្ត្របានផ្ដល់មេរៀនជាច្រើនដែលត្រូវចងចាំ គឺប្រទេសកម្ពុជាតែងតែធ្លាក់នៅក្នុងវិបត្តិមហន្តរាយដ៏គ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាជនដែលនាំទៅដល់សោកនាដកម្មអាក្រក់និងសាហាវយង់ឃ្នងបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ។

លោកឧត្តមសេនីយ៍ឯកថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សម្រាប់យើង គ្រួសារយើង និងប្រទេសជាតិយើង ថែរក្សាសុខសន្តិភាព និងសេចក្តីសុខសម្រាប់កូនចៅយើងជំនាន់ក្រោយ ព្រោះថាបើមានអសន្តិសុខហើយ មានច្បាំងគ្នាហើយ ប្រទេសហែកគ្នាហើយ ប្រជាពលរដ្ឋមើលមុខគ្នាមិនត្រូវហើយ ហ្នឹងហើយគឺជាអសន្តិសុខ គ្មានសេចក្តីសុខនៅក្នុងចិត្តសម្រាប់កាយរបស់យើង ។ នេះគឺជាអ្វីដែលយើងត្រូវចងចាំទាំងអស់គ្នាហើយកងកម្លាំងទាំងអស់ត្រូវឲ្យច្បាស់នឹងពាក្យសន្តិភាព ។ សេចក្តីសុខប្រទេសរបស់យើងមិនត្រឹមតែជាសេចក្តីសុខរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាសេចក្តីសុខប្រទេសនៅក្នុងតំបន់ និងភាគីមិត្តទាំងអស់ ។ ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវចងចាំតួនាទីនិងភារកិច្ចត្រូវតែស្មោះត្រង់ដាច់ខាត និងការជាតិសាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីប្រជាពលរដ្ឋ ។

លោកហ៊ុន ម៉ាណែត បន្តថា ៖ ខ្ញុំជឿថាពូមីងដែលជាអតីតយុទ្ធជនមិនចង់ឲ្យប្រទេស និងកូនចៅរបស់ខ្លួនវេទនាដោយសារសង្រ្គាមដូចអតីតកាលនោះទេ គឺចង់ឲ្យកូនចៅជំនាន់ក្រោយមានសេចក្តីសុខ ។ កម្លាំងប្រដាប់អាវុធក៏ដូចគ្នា យើងត្រៀមការពារជាតិគឺមិនឲ្យប្រទេសធ្លាក់ទៅក្នុងសង្គ្រាមខ្មែរនិងខ្មែរឡើយ ។ កងកម្លាំងប្រដាប់អាវុធត្រូវបន្តអនុវត្តផែនការយុទ្ធសាស្រ្តរួមមានកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាពិសេសគោលនយោបាយលើវិស័យការពារជាតិ ផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងគោលការណ៍១០ ចំណុចរបស់សម្តេចតេជោហ៊ុនសែនដែលបានថ្លែងនៅខួបទី២០ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ។ គោរព បទបញ្ជាបទវិន័យ លក្ខន្តិកៈ ច្បាប់រដ្ឋ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនបង្កើនសមត្ថភាព បង្កើនការងារអប់រំចិត្តសាស្រ្ត យកចិត្តទុកដាក់ថែរក្សាអាវុធយុទ្ធភណ្ឌតាមលក្ខណៈបច្ចេកទេសនៅតាមច្បាប់រដ្ឋ បន្តកិច្ចសហការល្អជាមួយអាជ្ញាធរភាគីពាក់ព័ន្ធ និងជាមួយប្រជាពលរដ្ឋនៅក្នុងគោលដៅសាមគ្គីភាពជាតិ ទប់ស្កាត់នូវបទល្មើសទាន់ពេលវេលា លើកស្ទួយកំរិតជីវភាពប្រជាពលរដ្ឋ ។ បន្តពង្រឹងពង្រីកកិច្ចសហការជាមួយនឹងប្រទេសជិតខាងខិតខំដោះស្រាយបញ្ហាព្រំដែន កសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។

សូមបញ្ជាក់ថា ប្រសាសន៍ខាងលើរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញព្រំដែនគោក ប្រចាំឆ្នាំ២០១៩ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានា ក្នុងតំបន់ប្រតិបត្តិការសឹករងកំពត នាខេត្តកំពត ៕
ផ្ដល់សិទ្ធិដោយ Campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post