
ភ្នំពេញ៖ កាលពី ថ្ងែចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចដាក់ចេញនូវបញ្ជា និងផែនការថ្មី ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។
ផែនការថ្មីដែលបានដាក់ចេញកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា មានគោលបំណងទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសធនធានធម្មជាតិមានដូចជា ការកាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនឈើ និងការនាំចេញឈើដោយខុសច្បាប់ ការបាញ់ការចាប់សត្វព្រៃ ដែលច្បាប់ហាមឃាត់ និងការនាំចេញសត្វព្រៃដោយខុសច្បាប់ ការកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ ព្រមទាំងការរុករករ៉ែដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

បទបញ្ជាថ្មីនេះ ក៏ដើម្បីអង្កេត ស្រាវជ្រាវរកជនដែលប្រព្រឹត្តបទល្មើស និងជនដែលមានការពាក់ព័ន្ធសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូននាំចេញឈើល្មើសច្បាប់ក៏ដូចជាជនដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ, ចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាងដែលទាក់ទងជាមួយបទល្មើសធនធានធម្មជាតិ ហើយរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការស្របតាមនីតិវិធីនៃច្បាប់ដែលចូលជាធរមាននៅក្នុងប្រទេសកម្ពុជា។
បទបញ្ជានេះក៏ធ្វើឡើងក្នុងបំណងប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ បង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសធនធានធម្មជាតិ ដែលអាចនឹងកើតមានឡើង ជា៣ទិស ទិសទី១ មាន៖ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី, ទិសទី២ មាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ដោយឡែកទិសទី៣ មាន៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកោះកុង ហើយជាពិសេសនៅបណ្តាខេត្តភូមិភាគឦសាន។
