header ads

Sponsor

ភ្នំពេញៈ សន្តិសុខក្រុមហ៊ុនខុនដូ យូអេស៩៩៩​ ម្នាក់ កំពុងអង្គុយយាមសុខៗ ស្រាប់តែលឺពូម៉ូតូឌុបរអ៊ូរទាំ​តែម្នាក់ឯង​ថា "ចាប់យកទៅពិនិត្យទឹកនោម" ដដែលៗ ស្មានតែគេមកចាប់យកទៅមែន​ ភ័យស្លន់ស្លោ​ ព្រោះទើ​បទិញថ្នាំញៀន ២ម៉ឺនរៀល យកទៅប្រើប្រាស់តែឯងរួច មួយសន្ទុះក្រោយមក ​ក៏ស្ទុះរត់ឡើង​ខុនដូ​ ជាន់ទី៧ បន្ទប់៧០២​ តែម្នាក់ឯង​ តែត្រូវបានម្ចាស់បន្ទប់​ឃើញទាន់ ហៅសន្តិសុខដទៃទៀត មកជួយចាប់ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានយកទៅសាកសួរភ្លាមៗ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍​ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ៧០២ ជាន់ទី៧ នៃអគារខុនដូ យូអេស៩៩៩ (TK1) ស្ថិតនៅតាមបណ្តោយផ្លូវ៥៩២ កែងផ្លូវ៥៩៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ជនសង្ស័យឈ្មោះ វណ្ណ ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខរបស់ក្រុមហ៊ុន ខុនដូ យូអេស៩៩៩ ស្នាក់នៅម្តុំវិមានឯករាជ្យ មានស្រុកកំណើត​​ ឃុំល្វេរ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមសម្តីស្ត្រីម្នាក់ជាម្ចាស់បន្ទប់ បានរៀបរាប់ប្រាប់​ភ្នាក់ងារ​ ខេមប៉ុស្តិ៍​ បានដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលដេកក្នុងបន្ទប់ដូចធម្មតា លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែសំឡេ​ងជនសង្ស័យ ស្រែកឡូឡា និងមកគោះទ្វារបន្ទប់ខាងក្រៅ គាត់លឺបានដើរមកបើកទ្វារមើល ស្រាប់ជនសង្ស័យបម្រុងរត់ចូលក្នុងបន្ទប់របស់គាត់ ទើ​បធ្វើគាត់ស្រែកឆោឡោឡើងតែម្ដង​ បង្កការភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅជាន់ដទៃទៀត​ នាំគ្នាមកជួយចាប់ឃាត់ខ្លួនជនសង្ស័យនោះបាន រួចនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកក់២​ ចុះមកនាំខ្លួនជនសង្ស័យយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ។

បើតាមចម្លើយរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា​ រូបគេយាមវេនថ្ងៃ ចូលម៉ោង១២ថ្ងែត្រង់ចេញវិញម៉ោង១០យប់ ហើយរូបគេធ្លាប់ប្រើប្រាស់ថ្នាំញៀនយូរមកហើយ​ នឹងឈប់ប្រើយូរហើ​យដែរ តែក្រោយរយៈពេលប៉ុន្មានថ្ងៃនេះ បែរជាមានយុវជនម្នាក់ ដែលជាអ្នកស្គាល់គ្នាមក​សួរ ចេះប្រើ​គ្រឿងញៀនទេ​ រូបគេក៏ឆ្លើ​យថា ចេះដែរ​ តែឈប់យូរហើ​យ យុវជនម្នាក់នោះក៏សួរថា​ បើ​ចង់បាន ទិញពីគេក៏បាន គេលក់ឲ្យ​ច្រើ​នៗ​ ហើ​យធ្វើឲ្យរូបគេឃ្លាន ទើ​បសម្រេចចិត្តទិញថ្នាំញៀន ពីអ្នកស្គាល់គ្នានោះ ក្នុងតម្លៃ២ម៉ឺនរៀល​ រួចយកមកប្រើប្រាស់នៅតែម្នាក់ឯង​ នៅផ្ទះជួលម្ដុំវិមានឯករាជ្យ បន្ទាប់ពីបានប្រើប្រាស់អស់ហើយ រូបគេក៏​បានមកយាមដូចធម្មតា លុះដល់ម៉ោងចេញ រូបគេមិនបានចេញទៅផ្ទះទេ បាននៅអង្គុយលេងទីនោះ​ ស្រាប់តែលឺសំឡេង ពូម៉ូតូឌុប​រអ៊ូរទាំ​តែម្នាក់ឯង​ថា "ចាប់វាយកទៅពិនិត្យទឹកនោម" ហើ​យនិយាយដដែលជាច្រើ​នដង​ ធ្វើឲ្យរូបគេមានការភ័យស្លន់ស្លោ និងបែកផង ក៏​ចេះតែរត់យកតែរួចខ្លួនទៅ​ ស្រាប់តែរត់ឡើងដល់ជាន់ទី៧ រូបគេក៏គោះទ្វារ​បន្ទប់លេខ៧០២ បម្រុងចូលឲ្យគេជួយ ស្រាប់តែម្ចាស់បន្ទប់​ គេឃើញសភាពមិនស្រួល​ ក៏ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ​​ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់២ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post