header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជូនខ្លួនអ្នកបើករថយន្ដក្រឡុកស៊ីម៉ងតិ៍ដែលដាច់ហ្វាំងបុករះ នៅចំណុចមុខសាលាវិទ្យាល័យបឹងត្របែក បណ្តាលឲ្យស្លាប់គ្រូបង្រៀនម្នាក់ នឹងរបួសមនុស្ស៤នាក់ផ្សេងទៀត ទៅឃុំខ្លួនតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

នគរបាលចរាចរណ៍ បានបញ្ជាក់ថា ព្រះរាជអាជ្ញាអមតុលាការ បានសម្រេចចោទប្រកាន់ឈ្មោះ ព្រំ ប៊ុណ្ណាត ជាអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់តិ៍ ពីបទបើកបរធ្វេសប្រហែស បណ្ដាលឲ្យស្លាប់ និងរបួសអ្នកដទៃ ហើយក្រោយការសាកសួរចប់ ចៅក្រមសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្នសិន ដើម្បីបើកការសើបសួរនៅពេលក្រោយ។

ករណីរថយន្ដក្រឡុកស៊ីម៉ងតិ៍ដាច់ហ្វាំងបុករះ បណ្តាលឲ្យគ្រូបង្រៀនសាលាបឹងត្របែកម្នាក់ស្លាប់ ក្រោយពេលបញ្ជូនដល់ពេទ្យ នឹងរបួស៤នាក់ បានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះជាគ្រូបង្រៀនសាលាបឹងត្របែក ដែល(ស្លាប់)មានឈ្មោះ សុខ តែល អាយុ៤០ឆ្នាំ មុខរបរ គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ។ ចំណែកអ្នករងរបួស៤នាក់ទៀត មិនបានស្គាល់ឈ្មោះនៅឡើយ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេងៗគ្នា។

ចំណែកតៃកុងរថយន្ដបង្កហេតុឈ្មោះ ព្រុំ ប៊ុនណាត អាយុ៤៨ ឆ្នាំមុខរបរ បើកបររថយន្ដ មានទីលំនៅក្នុងក្រុមហ៊ុន CPAC ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រុកកំណើត ភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពុងសៀម ខេត្ដកំពុងចាម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដក្រឡុកស៊ីម៉ងតិ៍មួយគ្រឿងបើកបរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងទៅជើង  លុះដល់ចំណុចមុខសាលាវិទ្យាល័យបឹងត្របែកខណៈដែលម៉ូតូជនរងគ្រោះកំពុងឈប់ស្ដុបក៏ត្រូវរថយន្ដបុករះពីក្រោយពេញមួយទំហឹងបណ្ដាលឲ្យម៉ូតូចំនួន៦គ្រឿង និង រ៉ឺម៉កកង់បី២គ្រឿងរងការខូច ខាតបណ្ដាលឲ្យមនុស្ស៤នាក់រងរបួសនឹងគ្រូបង្រៀនម្នាក់ស្លាប់ពេលបញ្ជូមដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានឃាត់ខ្លួនតៃកុងរថយន្ដយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន រួចទាក់ទងទៅរថយន្ដសាម៉ុយឲ្យមកទទួលយកនាក់រងរបួសទៅសង្គ្រោះភ្លាមៗ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងអូសរថយន្ដ និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុត្រូវបានបញ្ជូនឡើងតុលាការឃុំខ្លួនជាបណ្ដោះអាសន្នសិន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post