header ads

Sponsor

ភ្នំពេញៈ កាលពីរាត្រីរំលង​អធ្រាត្រ​ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអនុញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ ចុះទៅបង្ក្រាបក្លឹបរាត្រី រ៉ុក ដែលជាជង្រុកគ្រឿងញៀនដ៏ល្បីល្បាញយូរឆ្នាំមកហើយ។

ការបង្ក្រាបនោះ ត្រូវបានគេរៀបចំផែនការយ៉ាងកំបាំង មិនបែកធ្លាយព័ត៌​មានទេ ទើបពេលប្រតិបត្តិការគ្មានជនណាម្នាក់ រត់គេចខ្លួនរួចឡើយ។

សេចក្ដីរាយការណ៍​បឋម បានអោយដឹងថា មនុស្សប្រុសស្រីចំនួនជាង៣០០នាក់ រួមទាំងភ្ញៀវដែលចូលច្រៀងកម្សាន្ត​ អ្នកលក់គ្រឿងញៀន អ្នកជក់គ្រឿងញៀន ស្ត្រីបម្រើ​ខារ៉ាអូខេ សន្តិសុខយាមកាម អ្នកធ្វើអនាម័យ អ្នករត់តុ ត្រូវបានប្រមូលដាក់រថយន្តធំៗបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរកំណត់អត្តសញ្ញាណ រង់ចាំការសម្រេច។

ជាការកត់សម្គាល់ ក្នុងពេលបើកប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចមិនអនុញាតអោយអ្នកសារព័ត៌មានចូលទៅក្នុងរង្វង់ប្រតិបត្តិការឡើយ។

លោកឧត្តមសេនីយ៍​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញរបាយការណ៍សង្ខេបតាមបណ្ដាញសង្គមថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួនជាង៣០០នាក់ត្រូវបានឃាត់ខ្លួននៅក្នុងយុទ្ធការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅមជ្ឈមណ្ឌលរ៉ុក ក្នុងនោះ មានជនជាតិចិនចំនួន១៤នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតបានគ្រឿងញៀនប្រមាណ៤៩គីឡូក្រាម ក្នុងនោះ មានជាទឹក៩គីឡូ២ខាំ គ្រឿងញៀនប្រភេទគ្រាប់ និងម្សៅ៣៩គីឡូ  ជញ្ជីងថ្លឹងគ្រឿងញៀន ១២ និងកាំភ្លើងខ្លី១ដើម​។

បច្ចប្បន្នជនសង្ស័យទាំងអស់ និងវត្ថុតាងកំពុងស្ថិតនៅក្នុងការស៊ើ​បអង្កេតបឋមរបស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ច្រើនឆ្នាំមកហើយមជ្ឈមណ្ឌលកម្សា​ន្តរ៉ុក ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោកឧកញ៉ា គិត ធៀង បងប្រុសបង្កើតរបស់លោកឧកញ៉ា គិត ម៉េង។ ក្រៅពីជាកន្លែងកម្សាន្តសប្បាយរបស់យុវវ័យ រ៉ុក គឺជាមជ្ឈមណ្ឌលជួញដូរ លក់គ្រឿងញៀនដូចលក់ស្ករគ្រាប់ ជក់គ្រឿងញៀនយ៉ាងសកម្ម ដែលមិនធ្លាប់មានប្រវត្តិ ត្រូវបង្ក្រាបទាល់តែសោះ។ សូម្បីតែក្រុមឌីជេឡាយអិនលក់គ្រឿងញៀនរាប់សិបគីឡូក្នុងរ៉ុក ក៏គ្មាននរណាឈឺក្បាលហាលថ្ងៃបង្ក្រាបក្លឹបរ៉ុកដែរ គឺបានត្រឹមតែចាប់មនុស្ស៤នាក់ប៉ុណ្ណោះ។

ក្រៅពីមុខរបរជាន់ពន្លិចសីលធម៌​សង្គមនេះ រ៉ុកក៏ជាមជ្ឈមណ្ឌលបាញ់បោះ បាញ់ប្រហារ កាប់ចាក់ សាកអាវុធមួយ គួរអោយញាក់សាច់ដែរ ដូចជាករណីកូនប្រុសលោក កែវ សុខឃាង អតីតមេគយចល័តបាញ់រះ ដោយកាំភ្លើងអាកា បង្កការភ្ញាក់ផ្អើលកណ្ដាលបេះដូងរាជធានី និងករណីបាញ់ប្រហារផ្សេងៗទៀត រាប់មិនអស់ បានកើតឡើងនៅក្នុងមជ្ឈមណ្ឌលរ៉ុក។

ក្រោយពេលមជ្ឈមណ្ឌលរ៉ុក ត្រូវបង្ក្រាបមហាជនក្នុងរាជធានីភ្នំពេញ សាទរយ៉ាងសម្បើមណាស់ ចំពោះចំណាត់ការនេះ ប៉ុន្តែក៏សូមអោយសមត្ថកិច្ច និងតុលាការធ្វើកិច្ចការយ៉ាងណាអោយមានយុត្តិធម៌​ ចំគោលដៅនាំយ​កម្ចាស់គ្រឿងញៀន អ្នកលក់គ្រឿងញៀន ម្ចាស់ទីតាំងដែលបើកអាជីវកម្មជាន់ពន្លិចសង្គមនេះ យកទៅផ្ដន្ទាទោសតាមច្បាប់ ទុកជាការព្រមានដល់អ្នកមានប្រាក់ដទៃទៀតអោយមានសេចក្ដីថ្លៃថ្នូរ កុំចេះតែចង់មានបាន ដោយមុខរបរគួរឲ្យស្អប់ខ្ពើមនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post