header ads

Sponsor

ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលមាននៅទីតាំងស្ថិតនៅខាងក្រោយវត្តកំសាន្ត ប្រហែល១៥០ម៉ែត្រ ផ្ទះល្វែងពណ៌ត្រាវបីជង់ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កំពុងតែត្រូវបានសមត្ថកិច្ចមូលដ្ឋានបើកដៃឲ្យលេងយ៉ាងរលូន ផ្ទុយទៅនឹងបទបញ្ជារបស់សម្តេច ក្រឡាហោម ស ខេង ជាពិសេសហាក់បីដូចជាមិនគោរពតាមបទបញ្ជារបស់លោកស្នងការរាជធានីភ្នំពេញ ដែលបានប្រកាសក្ដែងៗថា លុបបំបាត់ឲ្យអស់នូវល្បែងស៊ីសង ទាំង១២ខណ្ឌ បែរជាមិនឃើញនគរបាលប៉ុស្តិ៍និរោធ ចុះបង្ក្រាបអ្វីទាល់តែសោះ។

បើតាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រីខាងលើនេះ ភាគច្រើនសម្បូរក្រុមក្មេងទំនើង តែងតែមកចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអនា​ធិបតេយ្យ ពពាក់ពពូនគ្នា ហាក់បីដូចជាគ្មានសណ្តាប់ធ្នាប់ទាល់តែសោះ ហើយប្រជាពលរដ្ឋបានលើកជាសំណួរថា តើឯណា ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តនោះ? បើក្នុងមូលដ្ឋានមានតែល្បែងស៊ីសង ក្មេងស្ទាវពពាក់ពពូនគ្នាបែបនេះ។

សូមបញ្ជាក់ថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាល ដែលពាក់ពន្ធ័នៅក្រោមឱវាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ។ មិនតែប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត លោក​ ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានប្ដេជ្ញានិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យលោកអភិបាល និងលោកអធិការខណ្ឌទាំង១២ ត្រូវតែទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរ ដើម្បីធានាឲ្យបាននូវភូមិ ឃុំ មានសុវត្ថិ​ភាព៩ចំណុច ជូនប្រជាពលរដ្ឋ។

មិនតែប៉ុណ្ណោះ នៅពេលថ្មីៗនេះលោក ស ថេត ស្នងការរាជធានីភ្នំពេញបានប្រកាសក្ដែងៗតាមបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកថា ខ្ញុំបាទ ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតអោយបើកវិញ? ខ្ញុំសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងសហការជាមួយខ្ញុំ ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើង ដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ។

តែផ្ទុយទៅវិញ បែរជាសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌច្បារអំពៅ ជាពិសេស គឺសមត្ថកិច្ចប៉ុស្តិ៍និរោធផ្ទាល់តែម្តង មិនបានអើពើចំពោះបទបញ្ជាសម្តេចក្រឡាហោម ស ខេង , លោក​អភិបាលរាជធានីភ្នំពេញ រួមនិងបទបញ្ជារបស់លោកស្នងការរាជធានីភ្នំពេញនោះទេ ថែមទាំងបណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសងបាញ់ត្រីនៅក្នុងមូលដ្ឋានបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post