header ads

Sponsor

ភ្នំពេញៈ ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការ៤ចំណុច ទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ (Valentine’s Day) (១៤កុម្ភៈ) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ក្រសួងអប់រំបានដាក់ចេញវិធានការ ទប់ស្កាត់បែបនេះជារៀងរាល់ឆ្នាំ ក្រោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ ជាឱកាសមួយ ធ្វើឲ្យសិស្សានុសិស្សមួយចំនួន យល់ច្រឡំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។

យោងតាមសេចក្តីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាក់ថា ទិវាបុណ្យនៃក្តីស្រឡាញ់នេះ ពុំមែនជាពិធីបុណ្យប្រពៃណី របស់ជនជាតិខ្មែរនោះទេ ហើយនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្តីស្រឡាញ់ កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវវ័យ ភ្លេចការសិក្សាបាត់បង់ សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិ ដ៏ផូរផង់របស់ខ្មែរផងដែរ។

ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួងអប់រំ ដាក់ចេញវិធានការសំខាន់ៗរួមមាន៖

ទី១- ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យ នៃទិវាបុណ្យនៃក្តីស្រឡាញ់។

ទី២- ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈ ឲ្យបានម៉ឺងម៉ាត់ជាពិសេស លើការគ្រប់គ្រងសីលធម៌ និងវិន័យដោយតាមដានអវត្តមាន របស់សិស្សានុសិស្សជាប្រចាំ។

ទី៣- ត្រូវជំរុញដំណើរការ របស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។

ទី៤- ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post