
កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ អតីតសង្ឃទីប្រឹក្សា ហោ សុខុន ព្រះចៅអធិការវត្តតពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ ត្រូវបានសម្តេចសង្ឃនាយកចាប់ផ្សឹក ដោយពិធីផ្សឹកនេះត្រូវបានធ្វើឡើងនៅវត្តបុទុមវតី ក្រោមការចោទប្រកាន់ថាខុសធម៌វិន័យ។
ក្រោយពីការផ្សឹកអន្ទិត ហោ សុខុន មួយថ្ងៃពោលគឺនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ លោក អ៊េង ឆៃអ៊ាង អតីតអនុប្រធានគណបក្សប្រឆាំង ដែលកំពុងតែនិរទ្ទេសខ្លួននៅបរទេស បានរិះគន់រាជរដ្ឋាភិបាលក្រុងភ្នំពេញ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី តាមរយៈហ្វេសប៊ុកថា៖ នៅព្រះរាជាណាចក្រសែន ជោរ រិះគន់ក៏មានទោស សរសើរក៏មានទោស!
សូមបញ្ជាក់ថាសាលារាជធានីភ្នំពេញ បានប្រកាសថាអន្ទិត ហោ សុខុន អតីតចៅអធិការវត្តច្បាអំពៅ បានលាចាកសិក្ខាបទនោះ គឺសាម៉ី ខ្លួនបានព្រមព្រៀងដោយខ្លួនឯង ក្រោយពីបានទទួលលិខិតរបស់គណៈសង្ឃនាយក និងក្រសួងធម្មការនិងសាសនា។
គួររំលឹកថា អន្ទិត ហោ សុខុន បានសរសើរសម្តេចក្រឡាហោម ស ខេង ថាជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា មានតែសម្តេចក្រឡាហោម ស ខេង មួយរូបគត់ដែលអាចធ្វើឱ្យកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិក៏ដូចជារួចផុតពីការផ្តាច់អនុគ្រោះពន្ធ EBA របស់សភាអឺរ៉ុបផងដែរ ជាពីសេសអាចបញ្ឈប់ការជ្រៀតជ្រែកពីបរទេសលូកដៃចូលនយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
ភ្លាមៗ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហផ្ទៃ បានហៅសារ របស់ព្រះតេជគុណ ហោ សុខុន ថាជាសារទុច្ចរិតបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា។