header ads

Sponsor

ភ្នំពេញៈ ​ស្ត្រីម្នាក់ បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាង​អាណោចអាធ័ម​ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្ត​សង្គ្រោះមកដឹកបញ្ជូននៅមន្ទីរពេទ្យលោកលោកសង្ឃភ្លាមៗ​ ខណៈអ្នកទាំងពីរ កំពុងជិះម៉ូតូឌ្រីមសង់មួយគ្រឿងឌុបគ្នាតាមផ្លូវ ស្រាប់តែត្រូវរថយន្តកូរ៉េមួយគ្រឿង (មិនចាំស្លាកលេខ​) បើ​កមកបុក និង​កិន រួចបើករត់គេចបាត់ស្រមោល។

គ្រោះថ្នាក់ចរាចរណ៍ដ៏​រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩៖​៣០នាទីយប់ថ្ងៃព្រហស្បតិ៍​ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវទំនប់៧មករា ត្រង់ចំណុចទល់មុខស្ថានីយវិទ្យុABC ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ។

តាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ ឌុបនារីម្នាក់ ជិះម៉ូតូហុងដាឌ្រីម (Honda Dream) ស៊េរីឆ្នាំ​២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1H-4175 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ពីត្បូងទៅជើងក្នុងល្បឿនធម្មតា ខណៈមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង (មិនចាំស្លាកលេខ) បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង​ ក្នុងទិសដៅពីជើងទៅត្បូងបញ្ចា្រសទិសគ្នា ហើយបានបុកម៉ូតូយ៉ាងពេញទំហឹង និងកិនចំក្បាលនារីម្នាក់ បណ្ដាលឲ្យបែកធ្លាយខួរស្លាប់មួយរំពេញ រីឯយុវជនម្នាក់ ជាអ្នកឌុបបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ ។​ ចំណែកឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចនិងទាក់ទងស្វែងរកក្រុមគ្រួសារឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រជាពលរដ្ឋ​​​បានសម្ដែងការមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើ​របស់អ្នកបើកបរមួយចំនួន ដែល​បង្កគ្រោះថ្នាក់ហើយបើករត់គេចចេញពីកន្លែងកើតហេតុនោះ រហូតពេលខ្លះពួកគាត់ជួយដេញឃាត់បានម្ដងៗ ពិបាកទប់កំហឹង​ ព្រោះតែការបើកបរ​ដោយមិនមានការទទួលខុសត្រូវបែបនេះ៕

\

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post