header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងយ៉ាងមុតមាំថា កម្ពុជាស្លាប់ មិនស្លាប់ទេ ទោះបីជាបាត់បង់ EBA ។ ការប្រកាសរបស់សម្តេចបែបនេះ ក្រោយសហគមន៍អឺរ៉ុប(EU) បានប្រកាសពីនីតិវិធី ផ្អាកជាបណ្តោះអាសន្ន នូវការអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែអាវុធ(EBA) នៅកម្ពុជា។

សហគមន៍អឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការលើការផ្អាកជាបណ្តោះអាសន្នការអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មុននឹងអាចឈានទៅរកការព្យូរនៅខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវទៅរកភាពល្អប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ក្នុងឱកាសចូលរួមបិទសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ កុម្ភៈ សម្តេចតេជោបានថ្លែងថា ការព្យូរ EBA នឹងដឹងក្នុងរយៈពេល១៨ខែទៀត ប៉ុន្តែទោះបីជាបាត់បង់ ឬក៏បន្ត ក៏មិនអាចឲ្យកម្ពុជាស្លាប់ទៅតាមបានដែរ ។

សម្តេចបានបញ្ជាក់ថា “ទោះមាន ឬគ្មាន EBA វាក៏មិនធ្វើឲ្យស្លាប់ តែវាក៏មិនធ្វើឲ្យយើងក្លាយទៅជាអ្នកមានបានដែរ។ រកស៊ីបង់ពន្ធឲ្យគេ គេបង់ពន្ធឲ្យយើងគឺជារឿងស្មើភាព សមហេតុ សមផល ដែលយើងមិនចង់ឲ្យអ្នកណាប្រើភាពអនុគ្រោះ ហើយបែរជាមកបង្វែក្បាលយើងតាមចិត្តចង់នោះទេ”។

សម្តេចបន្តថា ដូច្នេះមិនត្រូវយកអធិបតេយ្យភាពកម្ពុជាទៅដោះដូរអ្វីទេ។ សម្តេចតេជោក៏បានបង្ហាញការចង់ដឹងថា តើអតីតមេបក្សប្រឆាំងនឹងធ្វើយ៉ាងម៉េច បើកម្ពុជាមិនស្លាប់ក្រោយបាត់ EBA?

នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងទៀតថា នីតិវិធីអនុវត្ត ការផ្អាកជាបណ្តោះអាសន្នអនុគ្រោះពន្ធ ជានីតិវិធីធម្មតារបស់ពួកគេ ព្រោះEBA យូរឬឆាប់ក៏នឹងបាត់ ព្រោះនៅពេលណាដែលសេដ្ឋកិច្ចកម្ពុជាខ្ពស់ជាងមុន គេនឹងដកជាស្វ័យប្រវត្តិ។ បច្ចុប្បន្នកំណើនសេដ្ឋកិច្ចនៅកម្ពុជាមាន ៧,៥%ខ្ពស់បំផុតនៅឆ្នាំ២០១៨ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post