
ប៉ុន្មានថ្ងៃនេះ សារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយ ថាកម្ពុជានឹងបាញ់ផ្កាយរណបលើកដំបូងទៅកាន់អវកាសនៅឆ្នា២០២១។ សារព័ត៌មានទាំងនោះបានស្រង់ពីចេញការចុះផ្សាយរបស់ក្រសួងព័ត៌មាន ដោយបញ្ជាក់ថាដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ។
ប្រភពព័ត៌មានបន្តថា៖ នៅពេលកម្ពុជាមានប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួននោះ វានឹងជួយសម្រួលដល់ការងារបានច្រើន នៅក្នុងវិស័យការពារប្រទេស ពិសេសការគ្រប់គ្រងបានល្អលើផ្នែកសន្តិសុខជាតិ សណ្ដាប់ធ្នាប់ ការគ្រប់គ្រងបានល្អនូវសន្តិសុខ តាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង។
ប៉ុន្តែថ្ងៃនេះ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ ខ្ញុំមានការងឿយឆ្ងល់បន្តិចដែរ ដែលឃើញសារព័ត៌មានមួយចំនួន បានចុះផ្សាយបន្តគ្នាថា ខ្ញុំបានធ្វើអត្ថាធិប្បាយទាក់ទងនឹង គម្រោងបង្ហោះប្រព័ន្ធផ្កាយរណបរបស់កម្ពុជា នាថ្មីៗនេះ។ ទោះបីជារឿងនេះជារឿងវិជ្ជមានក៏ពិតមែន ប៉ុន្តែខ្ញុំសូមស្នើឱ្យសារព័ត៌មានមួយចំនួននោះ ធ្វើការកែតម្រូវឡើងវិញ ដែលរូបខ្ញុំផ្ទាល់ ក្នុងឆ្នាំ២០១៩នេះ មិនដែលបាននិយាយអំពីរឿងនេះជាមួយសារព័ត៌មាន ឬនៅក្នុងវេទិកាណាមួយទាល់តែសោះ។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា៖ខ្ញុំយល់ថា អ្នកសារព័ត៌មានដែលសរសេររឿងនេះ អាចទំនងមានការភាន់ច្រឡំចំពោះប្រភពដែលផ្តល់ព័ត៌មានខាងលើនេះ។
ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រាប់ទៅលោកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឱ្យស្វែងដៃគូវិនិយោគដើម្បីបង្ហោះផ្កាយរណបលើកដំបូងនៅប្រទេសកម្ពុជា តែរហូតមកដល់ពេលនេះ មិនទាន់ព័ត៌មានចេញផ្សាយយ៉ាងណានោះទេ។