
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៖១០នាទីរសៀល ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខសាខាឆ្នោតឡាក់គីដ្រាហ្គនឡូតូ (ជិតរ៉េនក្លឹប) ស្ថិតលើកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដបង្ក ម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2V-5798 បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀត បានធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនគួរសម លុះមកដល់ចំណុចកើតហេតុ រថយន្តបានផ្ទុះបែកកង់មុខខាងឆ្វេង ទើបធ្វើឲ្យរេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង ធ្វើអោយរបាំងថ្មខូចខាតអស់៣ផ្ទាំង ខ្ទាតទៅប៉ះរថយន្ត NISSAN NAVARA មួយគ្រឿងទៀត ដឹកឈើនិងដែកសំណង់ ពាក់ស្លាកលេខភ្នំពេញ 2AK-6819 បណ្ដាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំផងដែរ ចំណែកឯរថយន្តបង្ករងការខូចខាតខ្ទេចផ្នែកខាងឆ្វេងនិងខាងមុខខ្ទេចយ៉ាងដំណំ និងផ្ទុះកង់ខាងឆ្វេងផងដែរ។
ក្រោយមកម្ចាស់រថយន្ត NISSAN NAVARA បានបើករថយន្តមកអែបខាងសិន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ព្រោះខ្លាចកកស្ទះចរាចរណ៍។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅកាន់ផ្នែកចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង រួចយករថយន្ដបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយចំពោះការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋទៅតាមផ្លូវច្បាប់៕








