
ភ្នំពេញៈ ស្រ្តីម្នាក់ បើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រាជោគ បត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូមួយគ្រឿង ជិះដោយយុវជនប្រុសស្រីពីរនាក់ ក្នុងល្បឿនលឿន ជ្រុលទៅបុកចំផ្នែកខាងមុខរថយន្តពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ រងរបួសបាក់ជើងស្តាំម្ខាងធ្ងន់ ចំណែកនារីម្នាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែងនិងផ្លូវ៤៣២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីម្នាក់ បើកថយន្តមួយគ្រឿង ម៉ាកCELlCA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0211 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃឆ្លងមកផ្លូវ៤៣២បានបន្តិត ក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែង 1O-8918 ជិះដោយយុវជនប្រុសស្រី២នាក់ បញ្ច្រាស់ទិសដៅគ្នា ពីត្បូងទៅជើង ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តចំផ្នែកខាងមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលជនរងគ្រោះបោកក្បាលផ្ទប់និងកញ្ចក់រថយន្តខាងមុខ រងរបួសយុវជនម្នាក់ បាក់ជើងស្តាំម្ខាងធ្ងន់ ចំណែកនារីម្នាក់ទៀត រងរបួសដៃស្តាំម្ខាងស្រាល បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម្ចាស់រថយន្តឃើញសភាពមិនស្រួលបានទុករថយន្តចោលគេចខខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕









