
ភ្នំពេញៈ ស្ត្រីក្លាហានជាអ្នកចម្រៀងម្នាក់ បែកមុខបែកមាត់ រលាត់ដៃរលាត់ជើង ខូចសម្រស់អស់រលីង បន្ទាប់ពីជិះម៉ូតូតែម្នាក់ឯង ត្រូវបានជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ iphone 6plus បានសម្រេច ហើយជិះរត់គេចខ្លួន តែនាងបានស្រែកចោរៗបណ្ដើរជិះដេញតាមបណ្ដើរ រួចក៏បន្ថែមល្បឿនបំបុកឲ្យដួលទាំង២នាក់តែម្តង ទើបអ្នកដំណើរឃើញ ក៏នាំគ្នាមកជួយចាប់វាយជនសង្ស័យ យកទូរស័ព្ទបានមកវិញ តែជនសង្ស័យក៏ស្ទុះរត់ចេញទៅគេចខ្លួនបាត់ បន្សល់ទុកម៉ូតូដែលជិះធ្វើសកម្មភាពនោះកណ្ដាលផ្លូវ ។
ហេតុការណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង១៖០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទល់មុខក្លោងទ្វារក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីរងគ្រោះ ឈ្មោះ សុ ខា អាយុជាង៣០ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ មុខរបរអ្នកចម្រៀង (អកកេស)។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-2213 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើងលុះមកដល់ចំណុចមុខក្រសួងមហាផ្ទៃ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម កម្លាំងម៉ាស៊ីន110Cc (សង់ប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1K-0036 បានធ្វើដំណើរស្របទិសគ្នា តាមពីក្រោយមក រួចអែបធ្វើសកម្មភាពនោះដែលឆក់យកទូរស័ព្ទរបស់នារីរងគ្រោះ ខណៈពេលរូបនាងកំពុងតែនិយាយទូរស័ព្ទ បានសម្រេច រួចរត់គេចខ្លួន ភ្លាមនោះក៏នារីរងគ្រោះក៏បានស្រែកឆោឡោ និងបន្ថែមល្បឿម៉ូតូ ប្រដេញតាមពីក្រោយ រួចបំបុកបណ្តាលឲ្យដួលទាំង២នាក់តែម្ដង បណ្ដាលឲ្យរូបនាងដួលអូសរលាត់ដៃរលាត់ជើង បែកមុខបែកមាត់ ខូចសម្រស់អស់រលីង។
សាក្សីបន្តថា ឃើញដូច្នេះប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានចុះមកជួយព្រួតវាយជនសង្ស័យ រួចយកទូរស័ព្ទបានមកវិញ រួចប្រគល់ឲ្យនាងវិញ ចំណែកជនសង្ស័យនោះមិនរងរបួសបែកក្បាលធ្ងន់ដែរ និងបែកមុខបែកមាត់ដែរ តែងើបស្ទុះរត់គេចខ្លួនចេញទៅបាត់តែម្តង បន្សល់ទុកតែម៉ូតូដែលជិះធ្វើសកម្មភាពនៅកន្លែងកើតហេតុតែប៉ុណ្ណោះ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងដល់សមត្ថកិច្ចដែលនៅតូបយាមក្លោងទ្វារក្រសួងមហាផ្ទៃ ចេញមករាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទន្លេបាសាក់ចុះមកអន្តរាគមន៍ពីដែរ តែជនសង្ស័យរត់បាត់ហើយ។
ក្រោយពេលកើតហេតុនារីរងគ្រោះខាងលើក៏បានទាក់ទងទៅកាន់សាច់ញាតិឱ្យមកដឹកយកទៅលាងរបួសនៅឯមន្ទីរពេទ្យ ។
ចំណែកឯម៉ូតូរបស់ជនសង្ស័យ និងរបស់នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើកំណត់ហេតុប្រគល់ឲ្យជនរងគ្រោះវិញ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា ដើម្បីធ្វើការស្រាវជ្រាវបន្តពេលក្រោយ៕










