
ប្រភពពីមន្ត្រីតុលាការមួយរូបបង្ហើបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអោយដឹងថា បន្ទាប់តំណាងអយ្យការឃាត់ខ្លួនជនសង្ស័យយកទៅដាក់ក្នុងពន្ឋនាគារមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែក្រុមនុស្សទាំង៣នាក់ខាងលើ បានរត់ការខ្វាត់ខ្វែងជាមួយចៅក្រម ដើម្បីអោយជនសង្ស័យបានរួចពីការជាប់ឃុំ។
ប្រភពបន្តថា ក្រោយពីអធិការរងស្រុកឧដុង្គ និងគូកនបានចេញចូលជួបខាងតុលារការ ស្រាប់តែចៅក្រមប្រុងដោះលែងអោយនៅក្រៅឃុំ តែដោយសារពលរដ្ឋគ្រោះ(ម្ចាស់ដីនិងលុយ)ដឹងរឿងហើយ គ្រោងនាំគ្នាប្រុងឡើងមកតុលាការលោកចៅក្រមក៏ផ្អាកដំណើរការតែម្តង។
ដោយឡែកតាមប្រភពពីមន្ត្រីនគរបាលស្រុកឧដុង្គឯណោះវិញ បានបង្ហើបផងដែរថា តាមអ្វីដែលពលរដ្ឋនិយាយបើខាងតុលាការដោះលែងជនសង្ស័យក៏លែងទៅតែសុំអោយជនសង្ស័យសងលុយ និងដីមកពួកគាត់ជាមុនសិន។
ក្នុងនោះផងដែរ តំណាងឈ្មោះ លី ជុន បានទាមទារអោយជនសង្ស័យ សូ សារឹម ដោះស្រាយដី ដែលខ្វះជិត២ហិចតាមកខ្លួន ព្រោះលុយបានប្រគល់គ្រប់អស់ហើយ(ត្រូវតែប្រគល់ដីគ្រប់ចំនួនតាមកិច្ចសន្សាលក់ទិញនិងប្លង់ដែលចេញ ដោយអាជ្ញាធរឃុំ ស្រុក)។
ប្រភពបន្តថា ដោយឡែកម្ចាស់ដី ដែលរងគ្រោះត្រូវឈ្មោះ សូ សារឹម លួចដីលក់មានម្ចាស់ឈ្មោះ តា ណយ ទទួលបានលុយកក់១ម៉ឺនដុល្លារ ដីទំហំជិត ១ហិកតា និងឈ្មោះ ឌុល សត ដីជិត ១ហិកតា មិនទាន់ព្រមព្រៀងគ្នាទេ តែ សូ សារឹម ចុះវាស់វែងលើដីគាត់ (ដាក់ក្នុងប្លង់រួច)លក់អោយ លី ជុន ។ ក្នុងនោះម្ចាស់ដី៣នាក់ទៀត អ្នកលក់ដីអោយ សូ សារឹម រួចរាល់ តែឈ្មោះ សូ សារឹម នៅខ្វះលុយសរុបជាង ២ ម៉ឺនដុល្លារទៀត ដោយឡែក តា ណយ គិតទៅលុយខ្វះជាង៤ ម៉ឺនដុល្លារទៀត ចំណែកឈ្មោះ ឌុល សត មិនបានលក់ដីអោយ សូ សារឹមនោះទេ តែលួចដីគេចុះបញ្ជី (ធ្វើប្លង់)ហើយយកដីគេទៅលក់។ និយាយសរុបទៅករណីនេះ គឺគេឃុបឃិតគ្នាជាប្រព័ន្ធតែម្តង ព្រោះការធ្វើប្លង់ទទួលស្គាល់ ដោយជំនាញនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែម្តង។
ពលរដ្ឋនៅឃុំព្រះស្រែជាច្រើន បានលើកឡើងថា ជំនាញនិងអាជ្ញាធរពាក់ព័ន្ធធ្វើការទាំងងងើល និយាយរួម មិនបានចុះពិនិត្យទីតាំង និងស្រាវជ្រាវអោយបានល្អិតល្អន់នោះទេ គឺធ្វើការលើលុយលើក្រដាសតែម្តង។ មានការលើកឡើងទៀតថា មូលហេតុដែលអស់លោកជំនាញ និងអាជ្ញាធរឃុំស្រុក មិនបានពិនិត្យឯកសារអោយបានល្អិតល្អន់ ដោយសារតែឯកសារទាំងនោះ មានក្រុមប្រឹក្សាស្រុក ដែលមានសម្ព័ន្ឋភាពស្អិតរមួតជាមួយ សូ សារឹម ម្នាក់ជាអ្នករត់ការ ទើបរឿងដំណើរការដោយរលូនបែបនេះ។
ប្រភពក្រៅផ្លូវការមួយទៀត បានបង្ហើបថា ក្រុមអ្នករត់ការ ជាមួយតុលាការ ដើម្បីអោយឈ្មោះ សូ សារឹម បាននៅក្រៅឃុំមានអធិការងស្រុកឧដុង្គម្នាក់ឈ្មោះ លី ហៅ អូឡាឡា និងយោធា ផ្កាយបីម្នាក់ទៀត មិនស្គាល់ឈ្មោះ ក្នុងនោះនៅ ក្រុមប្រឹក្សាស្រុកឈ្មោះ លិន ជាអ្នក នៅពីក្រោយអូឡាឡា។
សូមរំលឹកថា បុរសម្នាក់ ដែលមនុស្សជាច្រើនក្នុងតំបន់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្គាល់ថា អ្នកគក់ជេរដី ដ៏ល្បីឈ្មោះក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមអំណាចដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ ពីបទរំលោភលើទំនុកចិត្ត។ ការឃាត់ខ្លួននេះធ្វើឡើង ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ។
ជនសង្ស័យ ដែលតាំងខ្លួនជាឧកញ៉ា ត្រូវបានស្គាល់ឈ្មោះ សូ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរឹតធ្ងន់ខេត្ត បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិបែកថ្លាង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
លោកនាយការិយាល័យបន្តថា ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿងរំលោភលើទំនុកចិត្ត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជនសង្ស័យបានប្រព្រឹត្ត កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិរំលេច និងនៅភូមិតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ សូ សារឹម ជាអ្នករកស៊ីគក់ជេដីរូបនេះ ត្រូវប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអាជ្ញាធរមួយចំនួនគោរពកោតក្រែងឥតឧបមា ដោយសារតែជននេះបានអួត និងអះអាងថាខ្លួនមានងារជាឧកញ៉ា តែការអួតរបស់បុគ្គលម្នាក់នេះ គេមិនដែលបានបង្ហាញឲ្យពលរដ្ឋឃើញ ព្រះរាជក្រឹត្យតែងតាំងងារជាឧកញ៉ាម្តងណាឡើយ។
បើតាមប្រភពពីពលរដ្ឋរស់នៅស្រុកឧដ្តុង្គ បានបង្ហើបថា ឧកញ៉ាក្លែងក្លាយម្នាក់នេះក្រៅពីសំណុំរឿង ដែលសមត្ថកិច្ចកំពុងចាប់ខ្លួនជនសង្ស័យរូបនេះ ក៏នៅមានរឿងទិញដីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំព្រះស្រែ ដោយគេចវេសមិនព្រមប្រគល់លុយឲ្យម្ចាស់ដី ហើយយកដីពលរដ្ឋទៅលក់បន្តជាច្រើនលើកច្រើនសារដោយឃុបឃិតគ្នាជាប្រព័ន្ឋលក់ដីរបស់អ្នកដទៃ និងមានអាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាស្រុកមួយចំនួន ក៏មានការជាប់ពាក់ព័ន្ធ ក្នុងករណីនេះដែរ។
លោក សម សាក់ បានបញ្ជាក់នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ថា ក្រោយឃាត់ខ្លួនឧកញ៉ាប៉មរូបនេះ សមត្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការហើយនាំយកទៅឃុំខ្លួននៅពន្ឋនាគារ ដើម្បីរង់ចាំចាត់ការតាមច្បាប់នៅពេលក្រោយ៕





