header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញ​ព័ន្ធចាប់ខ្លួនបានភ្លាមៗ រួច​ប្រគល់ជូនសមត្ថកិច្ចដាក់ខ្នោះ ក្រោយធ្វើសកម្មភាពលួចម៉ូតូ​បាន​សម្រេចហើយ តែ​ឆ្កែព្រុសផ្អើល ម្ចាស់ចេញមកឃើញ ស្រែកឲ្យអ្នកជួយដេញចាប់​។

ករណីនេះ​ កើតឡើងកាលពីវេលាម៉ោង១១៖២០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ យិន ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ យកផ្ទះសំណាក់៣ដុល្លារ ម្តុំភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ធ្វើជាកន្លែងស្នាក់អាស្រ័យ មានស្រុកកំណើត ភូមិចាម ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ម្ចាស់ម៉ូតូឈ្មោះ បាន ធួន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី១ កន្លែងកើតហេតុ មានស្រុកកំណើត ភូមិប្រាសាទ ឃុំកំពែង ស្រុកគីរីវង្ស ខេត្តតាកែវ។ ម៉ូតូដែលជនសង្ស័យលួចម៉ាក ស៊ុយសូគីនិច ពណ៌ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1Q-4368 ។

នារីជាម្ចាស់ម៉ូតូ បានប្រាប់ឲ្យដឹងថា កាលពីយប់មិញ នាងបានយល់សប្តិ «ឃើញជំនាងផ្ទះមកប្រាប់ថា ប្រយ័ត្នចោរលួចម៉ូតូបាត់» ក្រោយពីសុបិនឃើញអាក្រក់បែបនេះ ធ្វើឲ្យនាងបង្កើនការប្រុងប្រយ័ត្ន លុះពេលចេញពីធ្វើការរោងចក្រ ចតទុកដាក់ចាក់សោក រួចឡើងទៅបន្ទប់ជាន់ទីមួយហូបបាយ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮសូរសំឡេងឆ្កែព្រុសប្លែក រួមផ្សំនឹងអារម្មណ៍នឹកឃើញពេលយល់សប្តិផង ក៏ស្ទុះចេញមកមកអើតមើល ស្រាប់តែឃើញជនសង្ស័យ កាច់សោ​កម៉ូតូបានហើយ ឡើងជិះរៀបបើកចេញ ស្រែកឆោឡោផ្អើលអ្នកជិតខាងជួយចេញមកព័ទ្ធចាប់បាន ប្រគល់ជូននគរបាលប៉ុស្ដិ៍កាកាបទី១។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post