header ads

Sponsor

សៀមរាប: កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានស្រាវជ្រាវចាប់ចោរជើងចាស់ ចេះមហារំអិលដាក់ខ្នោះមិនជាប់ម្នាក់ ទៅតាមបណ្តឹងរបស់ម្ចាស់បណ្ណារគារព្រះវិហារ ថា មានជនសង្ស័យលួចគាស់ទូដែកបានសម្រេច យកលុយអស់ជិត១ម៉ឺនដុល្លាររួចគេចខ្លួនបាត់ ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េតស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដំណើររឿងនេះគឺ នៅវេលាម៉ោង ២៣ និង ០០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណី អំពើលួចមាន ស្ថានទម្ងន់ទោស( គាស់ទូដែក )ដែលបង្កឡើងដោយ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចចូលគាស់ទូដែក របស់ជនរងគ្រោះ ឈ្មោះ ជា រ័ត្នមុន្នី ភេទប្រុស អាយុ ៤៣ឆ្នាំ ត្រង់ចំណុច ក្នុងបណ្ណាគារព្រះវិហារ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប យកអស់ប្រាក់ដុល្លារ ៥០០០ដុល្លារ នាឡិកាដៃ ចំនូន ៤០គ្រឿង និង ទូរស័ព្ទ ០១គ្រឿងម៉ាក IPhone 6pluse ពណ៌មាស លេខស៊ីមកាត 088 96 96 512. ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានគេចខ្លួនបាត់ ។

លោកបន្តថា លុះរហូតដលវេលាម៉ោង ២១ និង ០០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្តសៀមរាប ស្រាវ និងស៊ើបអង្គេតរហូតកំណត់បានមុខសញ្ញា និងចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ លាង សាលី ហៅ វុធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល យកមកសាកសួរ ។

ប្រភពបន្តថា ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ រូបគេមកពី ភ្នំពេញ មកលេងខេត្តសៀមរាប ដោយស្នាក់នៅផ្ទះសំណាក់មិនស្គាល់ឈ្មោះ នៅម្តុំផ្សារលើ លុះយប់ឡើង រូបគេបានទៅផឹកម្នាក់ឯង នៅម្តុំស្តាតចាស់ ពេលនោះ ក៏បានឃើញកន្លែងលក់សៀវភៅមួយកន្លែង យីហោ បណ្ណាគារព្រះវិហារ ចំហរទ្វារបង្អួចខាងក្រោយ លុះរហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ រូបខ្លួនបានលូចឡើងតាមបង្អួច ទ្វារខាងក្រោយ ចូលទៅក្នុងបណ្ណាគារព្រះវិហារ ដោយយកញញួរ១ និងទុយណឺវីស១ ដែលជារបស់ជាងសំណង់ នៅក្បែរកន្លែងកើតហេតុ បន្ទាប់មក រូបគេបានធ្វើសកម្មភាពគាស់ទូដែក យកប្រាក់ដុល្លារ ១០០០ដុល្លារ ប្រាក់ខ្មែរ ១លានរៀល នាឡិកាដៃ ៧គ្រឿង និងទូរស័ព្ទម៉ាក IPhone 6pluse ០១គ្រឿង បន្ទាប់មកក៏គេចខ្លួនតែម្តង រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏ត្រូវបានសម្ថកិច្ច ឃាត់ខ្លួន ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង ទូរស័ព្ទ ០១គ្រឿងម៉ាក IPhone 6pluse ដែលជារបស់ជនរងគ្រោះ ខ្សែដៃ០១ខ្សែ និងដុល្លារ៥០០$ពិនិត្យមើលឃើញថា ប្រាក់នោះប្រាក់សុទ្ធ២០០ដុល្លារ ប្រាក់សែន៣០០ដុល្លារ និងលុយខ្មែរចំនួន៣០ម៉ឺនរៀល នាឡិកាដៃចំនួន ៧ គ្រឿង ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់តុលាការខេត្តសៀមរាបដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post