
កំពង់ចាម: បន្ទាប់ពីទទួលបានព័ត៌ថា មានករណីបាត់ក្មេងស្រីម្នាក់ នៅភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ដោយមិនដឹងមូលហេតុ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងសមត្ថកិច្ចជំនាញ ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែល ស្រាប់តែមានប្រជាពលរដ្ឋបានប្រទះឃើញក្មេងស្រីរងគ្រោះនោះ បានលង់ទឹកព្រែកក្រោយភូមិ ស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ សព្វថ្ងៃរស់នៅជាមួយលោកយាយ-លោកតា នៅឯភូមិកើតហេតុខាងលើ ដោយឪពុកចិញ្ចឹមឈ្មោះ ស្រ៊ាន ចំរើន និងម្តាយឈ្មោះ ធី សុខឡូត មានមុខរបររកស៊ី នៅរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបាត់ខ្លួនចៅស្រី មិនដឹងជាទៅទីណា ក៏ឆោឡោស្រែកឲ្យអ្នកភូមិជួយរក តែរកមិនឃើញ រហូតដល់វេលាម៉ោង១១ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ខណៈដែលលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះស្រាវជ្រាវដោយផ្ទាល់ ស្រាប់តែមានប្រជាពលរដ្ឋ បានប្រទះឃើញសពក្មេងស្រីរងគ្រោះនៅអណ្តែតទឹកព្រែកក្រោយភូមិ ចម្ងាយប្រមាណជា៥០ម៉ែត្រ ពីផ្ទះ មិនដឹងជាស្លាប់តាំងពីពេលណានោះទេ។
ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យ ពិនិត្យលើរាងកាយសពក្មេងស្រីរងគ្រោះ ដោយពុំឃើញមានស្លាកស្នាមអ្វីនោះទេ ហើយក៏បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕







