header ads

Sponsor

ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៩នេះ បានលើកពេលសវនាការកាត់ទោសក្រុមលោក ថោង សារ៉ាត់ និងអង្គរក្សចំនួន៤នាក់ ពាក់ព័ន្ធអំពើឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ដោយមិនបានបញ្ជាក់ពីមូលហេតុ។

តាមកាលវិភាគ ដែលបានព្រៀងទុក នៅថ្ងៃទី១២ ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោក តុប ឈុនហេង ជាប្រធានក្រុមប្រឹក្សានឹងបើកសវនាការបន្តលើសំណុំរឿងឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ ដែលក្រុមឃាតកបានបាញ់សម្លាប់កាលពីព្រលប់ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែពេលសវនាការត្រូវចាប់ផ្ដើមក្រុមប្រឹក្សាតុលាការបានសម្រេចលើកពេលសវនាការទៅវិញ ហើយជនជាប់ចំនួន៤នាក់ ដែលអនុរក្សពន្ធនាគារបញ្ជូនមក ត្រូវបញ្ជូនទៅឃុំឃាំងបន្តសិន រង់ចាំតុលាការសម្រេចជាថ្មី។

សូមបញ្ជាក់ថា តុលាការបានសម្រេចចោទប្រកាន់ទី១ ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ ទី២ ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទឃាតកម្មគិតទុកជាមុន ។ ទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

សូមរំលឹកថា ជនរងគ្រោះឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ងតិ៍ពេជ្រ ត្រូវឃាតកបាញ់សម្លាប់ កាលពីម៉ោងប្រមាណជាង៧ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខតូបលក់ផ្លែឈើស្រស់យីហោ ឡោ តិចសេង ក្បែរផ្សារអូឡាំពិក ។

ក្នុងសវនាការចំនួន២២លើកកន្លងទៅ ក្រុមជនជាប់ចោទបានបដិសេធថា ពួកគេមិនជាប់ពាក់ព័ន្ធនិងការសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទេ ប៉ុន្តែពួកគេមិនមានភស្តុតាងដោះបន្ទុកទាល់តែសោះ។

គួររំឭកដែរថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបាន លោក ឃី ឆៃ ចៅក្រមសាលា រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។

ចំពោះសំណុំរឿងឃាតកម្ម បើក្នុងករណីតុលាការរកឃើញថា លោក ថោង សារ៉ាត់ ជាអ្នកបញ្ជាអោយសម្លាប់លោកឧកញ៉ា អ៊ឹ​ង ម៉េងជឺ ដូចការចោទប្រកាន់របស់តុលាការនោះ ក្រុមជនជាប់ចោទអាចប្រឈមមុខការជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើយោងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post