Sponsor

ភ្នំពេញៈ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឲ្យប្រធានពេទ្យសត្វ នៅតាមបណ្ដាខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជាទាំងអស់ មានការរឹតបន្តឹងការត្រួតពិនិត្យទៅលើការនាំសត្វជ្រូក​ និងសាច់ក្រក ពីប្រទេសវៀតណាមចូលមកកម្ពុជា។

វិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថា មានសត្វជ្រូកក្នុងកសិដ្ឋាន៣កន្លែង នៅក្នុងខេត្តហុងអៀន (Hung Yen) និងខេត្តថាយប៊ិញ (Thai Binh) ភាគអាគ្នេយ៍ នៃទីក្រុងហាណូយ មានកើតជំងឺប៉េសអាហ្វ្រិក ដែលជាប្រភេទជំងឺឆ្លង។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា​ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានកោះប្រជុំភ្លាមៗផងដែរ ដើម្បីរកមធ្យោបាយទប់ទល់ និងជំងឺជ្រូកនេះ មិនឲ្យចូលមកប្រទេសកម្ពុជាបាននោះទេ។

ជាមួយគ្នានេះ​ លោកបានផ្ញើសារជាបន្ទាន់ ទៅកាន់មន្ទីរកសិកម្មនៅគ្រប់ខេត្តទូទាំងប្រទេសរួចហើយ ឲ្យពិនិត្យយ៉ាងហ្មត់ចត់ ទៅលើលិខិតនាំចូលសត្វជ្រូកទាំងឡាយពីប្រទេសវៀតណាម ដែលបញ្ជាក់ពីសុខភាពសត្វ ហើយពិនិត្យមើលឲ្យច្បាស់ទៅលើសត្វជ្រូកទាំងឡាយ ដែលនាំចូលទាំងនោះ ថាតើមានរោគសញ្ញានៃជំងឺឆ្លងដែរឬក៏អត់ នៅមុនពេលអនុញ្ញាតឲ្យចូលមកប្រទេសកម្ពុជា។

លោកអះអាងថា បច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់មានជ្រូកកើតជំងឺឆ្លងប្រភេទប៉េសអាហ្វ្រិកនៅឡើយទេ ហើយជំងឺជ្រូកនៅវៀតណាមនោះ ក៏មិនជះឥទ្ធិពលដល់កម្ពុជាឡើយ ព្រោះតែទីក្រុងហាណូយ នៃវៀតណាមខាងជើង គឺនៅឆ្ងាយពីកម្ពុជាប្រមាណជាង១៥០០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា​ ជំងឺប៉េសជ្រូកអាហ្វ្រិក ដែលកំពុងកើតនៅប្រទេសវៀតណាមខាងជើងនេះ គឺជាប្រភេទជំងឺឆ្លង ប៉ុន្តែវាមិនអាចចម្លងពីសត្វមកប៉ះពាល់ដល់មនុស្សបានទេ គឺវាអាចឆ្លងពីសត្វទៅសត្វដទៃទៀត ប្រសិនបើមិនមានវិធានការការពារទេនោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor