header ads

Sponsor

ភ្នំពេញៈ សមាគមឯកជន ប្រជាពលរដ្ឋ និង មហាជនលើបណ្តាញសង្គម បានសាទរចំពោះស្នាដៃថ្មីក្នុងការជួយសង្គមកម្ពុជាដោយ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានបង្កើត “ក្រុមមេធាវីការពារក្តី ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេចដើម្បីជួយដល់ជនរងគ្រោះជាស្ត្រីក្រីក្រ”។

គ្រាន់តែសម្តេចតេជោឯកភាពបង្កើតក្រុមមេធាវីដោះស្រាយបញ្ហាស្រ្តីនិងក្មេង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ភ្លាមបានតែប៉ុន្មានសោះ ស្រាប់ក្រុមមេធាវីរបស់សម្តេចតេជោទទួលប្តឹងភ្លេតដោះស្រាយ និងធ្វើការតាមអនុសាស្រ្តរបស់សម្តេចមិនឱ្យមហាជនខកបំណងនិងខ្វល់ខ្វាយឡើយ។

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ដែលរៀបចំនិងដឹកនាំដោយ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយ និងការពារក្តីជូនស្រ្តីជនរងគ្រោះជាលើកដំបូង ខណៈលោកកំពុងដំណើរការរៀបចំបង្កើតក្រុមមេធាវីតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

តំណាងក្រុមមេធាវីការពារក្តីជនរងគ្រោះជាស្ត្រីក្រីក្រ បានប្រាប់រស្មីកម្ពុជាឱ្យដឹងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ តាមទូរសព្ទថា ក្រោយបានបង្កើតនិងឯកភាពពីសម្តេចតេជោភ្លាម ក្រុមការងារនេះ ទទួលបានករណីទី១ ដោយជួយដល់ជនរងគ្រោះជាស្រ្តីចំណាស់ ឈ្មោះ ភី យឿន មានស្រុកកំណើតនៅខេត្តកំពង់ធំ។ ចៅរបស់ស្រ្តីវ័យចំណាស់រូបនេះ ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន រយៈពេល២ថ្ងៃមកហើយ ដោយសារតែសង្ស័យមានការពាក់ព័ន្ធនឹងបទល្មើស។ ប៉ុន្តែជនសង្ស័យនេះ ត្រូវបានដោះលែងវិញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីមានការធានាការពារដោយ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានោះ អ្នកស្រី ភី យឿន ដែលមករកក្រុមមេធាវីសម្តេចតេជោ បានលើកសំពះថ្លែងអំរគុណដល់ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ដែលបានជួយដោះស្រាយរឿងក្តីរបស់ចៅអ្នកស្រី ព្រមទាំងផ្តល់សោហ៊ុយឱ្យធ្វើដំណើរទៅកាន់ស្រុកកំណើតថែមទៀត។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីបំណងរបស់សម្តេច ក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច ដើម្បីជួយដល់ ជនរងគ្រោះជាស្ត្រីក្រីក្រ។ បន្ទាប់ពីប្រកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំង លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា ឱ្យរៀបចំបង្កើតក្រុមមេធាវីនេះ ដើម្បីការពារក្តីជូនស្រ្តីក្រីក្រទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតមកដល់ពេលនេះ សម្តេចមានកញ្ចប់ថវិកាប្រមាណ៥០ម៉ឺនដុល្លារ នៅក្នុងដៃ ដើម្បីត្រៀមសម្រាប់ការរៀបចំក្រុមមេធាវីសម្តេចតេជោនេះ ។ ក្រុមមេធាវីរបស់សម្តេចនឹងមានសមាជិករហូតដល់៥០រូប ដាក់គ្រប់ខេត្តក្រុងទូរទាំងប្រទេស ។ ថវិកាក្នុងចំណាយលើដំណើរការងារថ្មីរបស់សម្តេចលើកនេះជាថវិកាផ្ទាល់របស់សម្តេចខំប្រមូលមកដើម្បីជួយដោះស្រាយដល់ស្រ្តីរងគ្រោះនិងមានវិបត្តិ ដែលមិនមានលទ្ធភាពតតាំងក្តី នៅតុលការ ឬ ប្តឹងទៅតុលាការ។

សារពីសម្តេចតេជោ ក្នុងវេទិកាសាធារណៈ បានថ្លែងបញ្ជាក់ថា សម្តេចនឹងដាក់ប្រធាន១ និងអនុប្រធាន៤ ដោយសារតែកម្ពុជាមានសាលាឧទ្ធរណ៍៤ភូមិភាគ ដូច្នេះ អនុប្រធានទាំង៤ គឺកាន់ការងារនៅតាមភូមិភាគ ដើម្បីការពារឱ្យស្រ្តី។ សម្តេចតេជោ សូមឱ្យបងប្អូនកូនក្មួយកកម្មការិនី ស្រ្តី កុមារី ដែលមានបញ្ហាមិនមានលទ្ធភាព រកមេធាវី កុំបារម្ភទៀត ហើយរត់មករក “ក្រុមមេធាវីការពារក្តីសម្តេចតេជោ” នឹងដោះស្រាយជូនភ្លាម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post