header ads

Sponsor

ភ្នំពេញៈ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មាន ស្តីពីការចាប់ខ្លួនម្តាយក្មេក និងបងថ្លៃលោកមេធាវី អ៊ូ ប៊ុនរ៉ា ដើម្បីយកមកសាកសួរករណីបង្ខាំងបុរសចំណាស់ម្នាក់ ដែលត្រូវជាឪពុកបង្កើតលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដោយខុសច្បាប់នោះមក មានប្រភពជាច្រើនបានទម្លាយរឿងជាច្រើនពាក់ព័ន្ធនឹងបញ្ហានេះ។

ជនសង្ស័យ៣នាក់នេះ ឈ្មោះ សំ សុខុន ភេទស្រី អាយុ៥៨ឆ្នាំ(ម្តាយ) ឈ្មោះ រ៉ាន ដាលុច ភេទប្រុស អាយុ៣៦ឆ្នាំ(កូន) និងឈ្មោះ ពុធ ធនូ ភេទប្រុស អាយុ២៧ឆ្នាំ(ក្មួយ) ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់សីលា ចាប់ខ្លួននៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមប្រភពមួយបានឲ្យដឹងថា លោកមេធាវី អ៊ូ ប៊ុនរ៉ា ជាអតីតអ្នកបើករថយន្តឲ្យលោក តាន់ សេណារ៉ុង កាលនៅជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បច្ចុប្បន្នជាព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ហើយក្នុងតួនាទីថ្មីនេះដែរ គេដឹងថា លោក តាន់ សេណារ៉ុង ជាមនុស្សស្និទ្ធស្នាលជាមួយលោ អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។

លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសរសេរក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈថា “នៅក្នុងបេះដូងដ៏សែនខ្ទេចខ្ទាំរបស់ខ្ញុំ ខ្ញុំចង់ប្រាប់ដល់បងប្អូនជនរួមជាតិ និងមនុស្សទាំងអស់ ដែលរស់នៅក្នុងលោកនេះឲ្យបានដឹងថា ក្នុងនាមជាកូនស្រីម្នាក់ ខ្ញុំពិតជាខ្លោចចិត្តខ្លាំងណាស់ ដែលមានអ្នកមកធ្វើបាបឪពុករបស់ខ្ញុំ ដោយគ្រាន់តែគាត់ជិះម៉ូតូតាមផ្លូវសាធារណៈរបស់ឃុំ ហើយពួកគាត់ចេញមកស្ទាក់បង្ខាំងទុក បំភិតបំភ័យគាត់ដោយកាំបិតផ្គាក់ ដោយសម្អាងថា គាត់ជាម្ចាស់ដីផ្លូវសាធារណៈមានសិទ្ធិពេញច្បាប់ក្នុងការចាប់អ្នកណាដែលជិះកាត់ផ្លូវនេះ កន្លងមកពួកគាត់មកឈូសឆាយលើដីខ្ញុំដែលមានប្លង់រឹងដោយសម្អាងថា ទោះប្លង់រឹងក៏ដោយតែនៅជាប់កន្ទុយដីរបស់គាត់ត្រូវតែជារបស់គាត់ និងរកកាប់ឪពុករបស់ខ្ញុំទៀត មិនតែប៉ុណ្ណោះ កំណត់តម្លៃជីវិតរបស់ឪពុកខ្ញុំ ត្រឹមតែ១៥ម៉ឺនដុល្លារទេ និងបាត់ពីផែនដីនេះហើយ ខ្ញុំសុខចិត្តនៅស្ងៀមមិនបានប្តឹងទេ តែលើកនេះចាប់បង្ខាំងឪពុករបស់ខ្ញុំ សម្លុតគាត់ឡើងតក់ស្លុតរន្ធត់មកដល់ពេលនេះ ម៉ោងនេះ គាត់មិនទាន់ស្រួលវិញនៅឡើយផង។ បើបងប្អូនទាំងអស់គ្នាមានគេមកធ្វើដាក់ឪពុករបស់បងប្អូនដូចនេះ តើបងប្អូននឹងប្តឹងដូចខ្ញុំដែរឬទេ?”។

ទាក់ទិននឹងបញ្ហានេះដែរ តាមប្រភពពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានឲ្យដឹងថា ទំនាស់រវាងគូភាគីទាំង២ ត្រូវអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចធ្វើការសម្របសម្រួលជាច្រើនលើកហើយដើម្បីចៀសវាងកុំឲ្យទំនាស់នេះរីកកាន់តែធំ។ ប៉ុន្តែ ទំនងជាភាគីលោកមេធាវី អ៊ូ ប៊ុនរ៉ា អាងខ្នងឬមានទម្លាប់ជាក្រុមគ្រួសារមេទាហានថ្នាក់ផ្កាយទើបបណ្តាលឲ្យទំនាស់នេះរីកធំឈានដល់ការចាប់ខ្លួនតែម្តង។

ចំណែក លោក ប៉ែន កុសល ជំទប់ទី១ ឃុំស្ទឹងឆាយ បានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ប៊ុន យុទ្ធា អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានទូរស័ព្ទមកថា មាន មនុស្សស្រីម្នាក់ និងមនុស្សប្រុស២នាក់ បានគំរាមឲ្យលោកចុះពីម៉ូតូរួចចាប់លោកបង្ខាំងមិនឲ្យទៅណា និងដកយកកូនសោរម៉ូតូទុកនៅចំណុចតាមដងផ្លូវលំ ស្ថិតក្នុងភូមិឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។

ក្រោយពីបានទទួលព័ត៌មាននេះរួចមក លោកបានឲ្យមេប៉ុស្តិ៍នគរបាលឃុំស្ទឹងឆាយ ចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីជួយរំដោះជនរងគ្រោះចេញពីកណ្ដាប់ដៃជនសង្ស័យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post