ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា នាឱកាសបុណ្យចូលឆ្នាំចិន ប្រជាពលរដ្ឋខ្មែរ-ចិន បានសប្បាយរីករាយព្រោះជាឱកាសជួបជុំទទួលទានម្ហូបអាហារ ជាមួយក្រុមគ្រួសារ ព្រមទាំងការចែកអាំងប៉ាវ ដើម្បីនាំមកនូវសេចក្តីសុខចម្រើន។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា “ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ យើងឃើញថា ទាំងប្អូនខ្មែរ-ចិន និងខ្មែរ គឺចូលរួមសប្បាយរីករាយទាំងអស់គ្នា ព្រោះថា ជាឱកាសជួបជុំទទួលទាន ម្ហូបអាហារជាមួយក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ព្រមទាំងចែកអាំងប៉ាវផ្តល់នូវភាពសប្បាយរីករាយ ដែលនាំមកនូវសេចក្តីសុខ និងលាភសំណាងល្អៗដល់ក្រុមគ្រួសារគ្រប់ៗគ្នា”។
ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានអរគុណជនរួមជាតិចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែ រីកចម្រើនទៅមុខ។ សម្ដេចថា ទម្រាំកម្ពុជា មានឱកាសបានអភិវឌ្ឍន៍រហូតមានកំណើនសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិសុខសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគគិន និងទេសចរបរទេសកាន់តែច្រើន គឺបានខិតខំប្រឹងប្រែង និងធ្វើពលីកម្មជាខ្លាំងហើយក៏ គ្មាននរណាមកប្រឹងជំនួសកម្ពុជាដែរ បើកម្ពុជាមិនប្រឹងដោយខ្លួនឯង។
នាយករដ្ឋមន្ដ្រីបញ្ជាក់ថា កាលណាប្រទេសជាតិកាន់តែរីកចម្រើន ពលរដ្ឋក៏កាន់តែមានឱកាសទទួលបានផលប្រយោជន៍ ពីការរីកចម្រើននៃប្រទេសជាតិកាន់តែច្រើនឡើងផងដែរ។ ជាពិសេសនោះ ក្រោមការដឹកនាំរបស់សម្ដេច គឺដាច់ខាតមិនឲ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្ម សារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ៕
