header ads

Sponsor


(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញពិនិត្យមើលអាគារថ្មីនៃធនាគារនៃកម្ពុជាសាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ដែលទើបសាងសង់រួចរាល់ នឹងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិតីភាពឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគាតិនៃកម្ពុជា ។


អំពីប្រវត្តិ៖ ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសជាតិបានទទួលឯករាជ្យពីអាណានិគមនិយមបារាំង និង បន្ទាប់ពីវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិនត្រូវបានបិទទ្វារ។  ធនាគារជាតិនៃកម្ពុជាបានបោះផ្សាយប្រាក់រៀលឯករាជ្យរបស់ខ្លួនដើម្បីបញ្ចប់ជាស្ថាពរនូវសម្ព័ន្ធភាពជាមួយប្រាក់ វៀតណាម និង ឡាវ ។ ពេល នោះប្រព័ន្ធធនាគារក្នុងប្រទេសត្រូវបានបង្កើតឡើងដោយមានធនាគាររដ្ឋ និង ធនាគារឯកជន ធ្វើប្រតិបត្តិការទន្ទឹមគ្នាលើដែនដីប្រទេសកម្ពុជា។ 
      
     នៅឆ្នាំ ១៩៦៤ ដើម្បីបំរើឱ្យគោលនយោបាយកសាងជាតិនៃសង្គមរាស្ត្រនិយម រដ្ឋបានធ្វើការកែទម្រង់ប្រព័ន្ធធនាគារជាបន្តបន្ទាប់ ដើម្បីតម្រូវទៅតាមសេចក្តីត្រូវការនៃសេដ្ឋកិច្ចជាតិនាសម័យនោះ ដោយបានប្រែក្លាយធនាគារ ជាតិនៃកម្ពុជាពីទម្រង់ស្ថាប័នពាក់កណ្តាលស្វ័យតទៅ ជាធនាគាររដ្ឋក្រោម ទម្រង់ជាស្ថាប័នសាធារណៈ ដែលមានលក្ខណៈឧស្សាហកម្ម និង ពាណិជ្ជកម្ម ចំណែកឯ ធនាគារឯកជនជាតិ និងបរទេសត្រូវបានបិទទ្វារ ហើយរដ្ឋបាន បង្កើតធនាគារដែលកាន់កាប់ដោយរដ្ឋមួយចំនួនដូចជា ធនាគារឥណទាន ជាតិធនាគារអភិវឌ្ឍន៍និងធនាគារកសិកម្មជនបទ។ 

     ចាប់តាំងពីចុងឆ្នាំ១៩៧០  រហូតដល់ខែមេសា ឆ្នាំ១៩៧៥  រដ្ឋបានធ្វើសេរីភាវូបនីយកម្មជាថ្មីទៅលើប្រព័ន្ធធនាគារ។ ធនាគារឯកជនត្រូវបានអនុញ្ញាត ឱ្យធ្វើសកម្មភាពទន្ទឹមគ្នានឹងធនាគាររដ្ឋក្រោមការបញ្ជាណែនាំ និងការត្រួត ពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។ 

     ជាអកុសលនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ធនាគារជាតិនៃកម្ពុជាត្រូវបាន បិទទ្វារប្រព័ន្ធធនាគារទូទាំងប្រទេសត្រូវបានលុបបំបាត់ចោលអគារធនាគារ ជាតិនៃកម្ពុជាត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់។ 

     រហូតមកដល់ឆ្នាំ ១៩៧៩ ទើបធនាគារជាតិនៃកម្ពុជាត្រូវបានរៀបចំឡើងវិញ ក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេសនៅថ្ងៃទី ១០ ខែតុលា។ នៅពេលនោះធនាគារជាតិនៃកម្ពុជាត្រូវបានស្តារឡើងវិញពីកំរិតសូន្យទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សត្រូវបានប្រមែប្រមូល និងកសាងជាបណ្តើរ ៗ រហូតបង្កើតបានជាស្ថាប័នធនាគារជាតិមួយដែលមានឈ្មោះថា "ធនាគារជាតិ នៃប្រជាជនកម្ពុជា" ។ 

     ដោយសារអគារធនាគារក្រហម ត្រូវបានកម្ទេចទៅហើយនោះ ធនាគារជាតិ នៃប្រជាជនកម្ពុជាបានបើកស្នាក់ការកណ្តាលរបស់ខ្លួនជាបណ្ដោះអាសន្ននៅ លើអគារអតីតធនាគារខ្មែរសម្រាប់ពាណិជ្ជកម្ម ហើយបានរៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនដឹកនាំ និងសកម្មភាពប្រតិបត្តិការនៅទីស្នាក់ការកណ្តាល និងបានពង្រីកបណ្តាញទៅបណ្តាខេត្ត-ក្រុងទាំង ២០ ទូទាំងប្រទេស ធនាគារជាតិនៃប្រជាជនកម្ពុជាបានបោះផ្សាយប្រាក់រៀលឡើងវិញ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីជួយសម្រួលដល់ការទូទាត់ក្នុងជីវភាពរស់នៅ របស់ប្រជាជន។ ចំណែកឯ អគារធនាគារជាតិនៃកម្ពុជាដែលបាក់បែកត្រូវ បានរុះរើ និងសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ ១៩៩០ ។

     ចាប់ពីឆ្នាំ ១៩៨៩ ប្រព័ន្ធធនាគារត្រូវបានធ្វើការកែទម្រង់។ ធនាគារខេត្ត-ក្រុង ទាំង ២០ ត្រូវបានប្តូរឈ្មោះមកជាធនាគារឯកទេសខេត្ត-ក្រុងវិញ ហើយធ្វើសកម្មភាពនៅលើដែនដីរបស់ខ្លួនតាមរបបស្វ័យាភិបាលសេដ្ឋកិច្ច និង ស្វ័យភាពហិរញ្ញវត្ថុ ដោយមានធនាគារជាតិនៃប្រជាជនកម្ពុជាជាអ្នកបញ្ជា ណែនាំនិងត្រួតពិនិត្យ។

     ក្រោយពីមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ របត់នយោបាយ មួយត្រូវបានបង្កើតឡើងរបប សេដ្ឋកិច្ចត្រូវបានផ្លាស់ ប្តូរពី សេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារ ដែលញ៉ាំងឱ្យមានការកែប្រែប្រព័ន្ធ ធនាគារនៅកម្ពុជាពីប្រព័ន្ធធនាគារមួយថ្នាក់មកជាប្រព័ន្ធធនាគារពីរថ្នាក់ ហើយរដ្ឋបានបើកទូលាយ ចំពោះអាជីវកម្មលើវិស័យធនាគារតាមរយៈការ អនុញ្ញាតឱ្យមានធនាគារពាណិជ្ជក្រោមច្បាប់ក្នុងស្រុកឬ ក្រោមទម្រង់ជា សាខាធនាគារបរទេស។ ប្រការនេះតម្រូវឱ្យ ធនាគារជាតិនៃកម្ពុជាពង្រឹង តួនាទីរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពបញ្ជាណែនាំ និងត្រួតពិនិត្យ ដោយ បានបង្កើតច្បាប់ និងប្រកាសផ្សេងៗ ជាបន្តបន្ទាប់រួមមាន ៖
      ១) ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា រដ្ឋសភា បានអនុមត័នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ។ ច្បាប់នេះបានកំណត់ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជាគឺ "កំណត់ និងដឹកនាំ នយោបាយរូបិយវត្ថុ ដើម្បីរក្សាថ្លៃអោយមានស្ថិរភាព"
      ២) ច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់រដ្ឋសភាអនុម័តនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ១៩៩៧ 
      (៣) ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ រដ្ឋសភាអនុម័ត នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងចុងក្រោយនេះធនាគារជាតិនៃកម្ពុជាបានចងក្រង ឯកសារចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០០១-២០១០ ដែលជាឯកសារជាយុទ្ធសាស្ត្រ សម្រាប់ អភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅ កម្ពុជាឱ្យមានភាពជឿនលឿន ប្រកប ដោយជំនឿទុកចិត្តពីសាធារណជន និងអាចធ្វើសមាហរណកម្មចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ៕ ដោយ៖ភក្ដី
ប្រភព៖ធនាគារជាតិនៃកម្ពុជា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post