
ហេតុការណ៍ប្រទះឃើញក្មេងដ៏កម្សត់មួយនេះ កើតឡើងកាលពីវេលាម៉ោង៦ល្ងាច និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៩យប់ ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងដីឡូតិ៍មួយកន្លែង ក្បែរគល់ស្ពានអាកាស៥មករា ផ្នែកខាងកើត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសម្តីពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះ ដែលជាអ្នកស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ បានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍ ដឹងថា មុនពេលកើតហេតុ រូបគាត់បានឮសំឡេងក្មេងយំចេញពីកន្លែងគំនរសំរាម ក្នុងព្រៃស្មៅ ដើមត្រែងខាងលើ តែដំបូងឡើយគាត់មិនទាន់ចាប់អារម្មណ៍ទេ តែបន្តិចក្រោយមក ក៏លឺយំកាន់តែខ្លាំងឡើង ធ្វើឲ្យគាត់មានការងឿងឆ្ងល់ ហើយស្រែកប្រាប់អ្នកជិតខាង រួចក៏បបួលគ្នាដើរតាមរកមើល ខណៈនោះក៏ស្រាប់តែមានក្មេងប្រុសខាងលើ កំពុងវាចេញមកពីកន្លែងគំនរសំរាម ក្នុងព្រៃស្មៅ និងដើមត្រែងនោះ ហើយស្រែកទ្រហោយំបណ្តើរ មានរបួសរលាត់ចិញ្ចើមចេញឈាមបន្តិចដែរ។
បុរសខាងលើបន្តថា ដោយមើលទៅទំនងជាឃ្លានផង ហើយមិនឃើញមានឪពុកម្តាយ ឬនរណាម្នាក់នៅក្បែរនោះទេ ទលបភ្លាមៗនោះគាត់រួមទាំងអ្នកជិតខាងផ្សេងទៀត ក៏បាននាំយកក្មេងប្រុសខាងលើ មកផ្ទះរបស់គាត់ ដែលនៅក្បែរនោះ រួចជួយងូតទឹកអោយ ហើយអោយអ្នកជិតខាងខ្លះទៀត ទៅរកទិញទឹកដោះគោ និងដបទឹកដោះគោ យកមកដាក់ឲ្យប៉ៅមួយសន្ទុះក្រោយមកក៏គេងលក់បាត់ទៅ ហើយគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើល និងជួយស្វែងរកឪពុកម្តាយរបស់ក្មេងប្រុសខាងលើ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានប្រកាសរកឪពុកម្ដាយក្មេងនោះ តែមិនឃើញអ្នកណាម្នាក់តាមមករកទេ ទើបសមត្ថកិច្ចរាយការណ៍ប្រាប់ថ្នាក់លើ រួចនាំក្មេងប្រុសនោះ យកទៅដាក់ឲ្យគេងបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីរងចាំប្រកាសរកសាច់ញាតិបន្តទៀត៕














