header ads

Sponsor

ថៃៈ ព្រះនាង Ubolratana ដែលជាព្រះរាមរបស់ព្រះមហាក្សត្រថៃ បានសម្រេចសុំទោសជាសាធារណៈ ក្រោយពេលព្រះនាង មានសកម្មភាពនយោបាយ យល់ព្រមធ្វើជាបេក្ខភាព នាយករដ្ឋមន្ត្រីរបស់គណបក្ស ថៃរក្សាជាតិ ដោយទទួលរងការប្រឆាំងរិះគន់យ៉ាងខ្លាំង ហើយខុសទៅនឹងរដ្ឋធម្មនុញ្ញ។ ព្រះនាង ក៏បានសម្រេចដកខ្លួន​ចេញពីនយោបាយ ក្រោយព្រះមហាក្សត្រជំទាស់។

នៅពេលនេះ ព្រះនាង Ubolratana សុំទោសចំពោះការបង្ក«បញ្ហា»ទៅលើប្រជាជនថៃ មុនការបោះឆ្នោតនៅខែខាងមុខនេះ ដែលជាការបោះឆ្នោតលើកដំបូងបំផុត ក្រោយរដ្ឋប្រហារឆ្នាំ២០១៤។ ព្រះនាង ឱបលរតនា រាជ្ជកញ្ញា សិរីវឌ្ឍនា បាណាវតី (Ubolratana Rajakanya Sirivadhana Barnavadi) បានថ្លែងអត្ថាធិប្បាយបែបនេះ មួយថ្ងៃក្រោយ គណៈកម្មាធិការរៀបចំការបោះឆ្នោត ទម្លាក់ព្រះនាមរបស់ព្រះនាងពីបញ្ជីផ្លូវការសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី។ គណៈកម្មការបោះឆ្នោតថៃ អះអាងថា សមាជិករាជ្យវង្ស គួរតែស្ថិតនៅពីលើនយោបាយ ហើយព្រះមហាក្សត្រថៃ មហាវិជ្ជរា ឡុងកន ក៏បានទិតៀនថា សកម្មភាពរបស់ព្រះរាម «មិនសមរម្យ» និង«មិនមែនលក្ខណៈធម្មនុញ្ញ»ផងដែរ។

ថ្លែងតាមបណ្តាញទំនាក់ទំនង Instagram នារសៀលថ្ងៃអង្គារ ១២ កុម្ភៈ បន្ទាប់ពីបង្ហាញព្រះវត្តមានជាសាធារណៈនៅភាគកណ្តាលប្រទេសនោះ ព្រះនាង បាណាវតី ថ្លែងថា «ខ្ញុំសុំអភ័យទោសចំពោះគោលបំណងពិតប្រាកដ ដើម្បីការងារសម្រាប់ប្រទេសជាតិ និងប្រជាជនថៃ ហើយធ្វើឲ្យមានបញ្ហា ដែលមិនគួរឲ្យកើតមានចំពោះយុគសម័យនេះ»

សូមបញ្ជាក់ថា គណបក្សមួយ ដែលជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានថ្វាយបេក្ខភាពនាយករដ្ឋមន្ត្រីមិនធ្លាប់មានពីមុន មកដល់ព្រះនាង បាណាវតី ព្រះរាមរបស់ព្រះមហាក្សត្រថៃ ចូលរួមប្រកួតប្រជែងការបោះឆ្នោតសាកលនៅខែមីនា ឆ្នាំ២០១៩ ។ គណៈកម្មការរៀបចំបោះឆ្នោត ក៏មានគម្រោងរំលាយគណបក្ស ថៃរក្សាជាតិ ផងដែរ ដោយសារតែមូលហេតុ ថ្វាយបេក្ខភាពនាយករដ្ឋមន្ត្រី ដល់ព្រះរាមរបស់ព្រះមហាក្សត្រ។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ការបោះឆ្នោតនឹងត្រូវប្រព្រឹត្តឡើងតាមការគ្រោងទុក នៅក្នុងប្រទេសថៃ ។ គូប្រជែងនយោបាយសំខាន់នោះ មានគណបក្ស និងក្រុមគាំទ្រនយោបាយ ដឹកនាំដោយយោធារបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ហើយនិងគណបក្ស និងអ្នកគាំទ្ររបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលត្រូវធ្វើរដ្ឋប្រហារដោយក្រុមលោក ចាន់អូចា ក្នុងឆ្នាំ២០០៦ ហើយបាននិរទ្ទេសខ្លួនទៅនៅក្រៅប្រទេស ប៉ុន្តែប្រជាប្រិយភាពរបស់គាត់ស្ថិតនៅគង់វង្សដដែល មិនសាបសូន្យនោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post