
ភ្នំពេញៈ ប្ដីប្រពន្ធ១គូ កំពុងជិះម៉ូតូឆ្លងភ្លើងស្តុប ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យប្រពន្ធ រងរបួសបាក់ជើងខាងស្តាំ និងបាក់ចង្កេះ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបផ្សារដីហុយ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះរួមដំណើរជាមួយនិងប្តីបានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី ពាក់ស្លាក់លេខភ្នំពេញ FE-២៣៦៦ ខណៈប្ដីឌុប មកដល់ឆ្លងភ្លើងស្តុបទិសដៅពីកើតមកលិច ស្របពេលនោះក៏មានរថយន្តកូរ៉េដឹកទំនិញចំនុះ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-6603 បើកបរពីទិសដៅពីជើងទៅត្បូងដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងអូសជិត៥០ម៉ែត្រ បណ្តាលឱ្យស្ត្រីជាប្រពន្ធ រងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រោយកើតហេតុតៃកុងរថយន្តបានព្យាយាមបើករថយន្តរត់គេចរហូតដល់ស្តុប២៤ម៉ោង ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជិះម៉ូតូដេញស្ទាក់ចាប់បាន។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ កៅ ប៊ុណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិស្រអែ ស្រុកខ្ចង់សាន ខេត្តព្រះវិហារ ។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនតាមរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ។
ក្រោយកើតហេតុ អ្នកបើកបររថយន្ត រួមនិងរថយន្ត ព្រមទាំងម៉ូតូជនរងគ្រោះ ត្រូវបាននាំយកមកកាន់ការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕