header ads

Sponsor

កណ្តាលៈ មកពីផឹកស្រាស្រវឹង ហើយទៅសុំលុយម្តាយ ចំនួន២០,០០០រៀល តែម្តាយគ្មានលុយឲ្យ​កើតចិត្តខឹងសម្បារ ស្ទុះរត់ទៅយកដាវសាំម៉ូរ៉ៃ ដែលខ្លួនលាក់ទុកក្នុងព្រៃក្បែរម៉ាស៊ីនបូមទឹក មកបញ្ចេញក្បាច់គុនកាប់​បំផ្លាញ​ទុយោទឹក​ដាច់អស់៦ដើម​ លុះគេមកទាន់​នាំ​គ្នាសួរបានប៉ុន្មានម៉ាត់​ ស្រាប់តែទាញដាវសាំម៉ូរ៉ៃ​ ដេញកាប់គេ រត់ចែកជើងគ្នា បង្កការភ្ញាក់ផ្អើល​ដល់កម្លាំងនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ចុះទៅអន្តរាគមន៍​ ចាប់វាយខ្នោះ​យកមកធ្វើការសាកសួរ​នៅប៉ុស្តិ៍។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២៖៣០នាទីរសៀល ​ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ នៅចំណុចក្នុងភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះចំនួន៤នាក់ ទី១. ឈ្មោះ ហុច ហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (ខូចខាតទុយោទឹកចំនួន៥ដើម)។ ទី២. ឈ្មោះ សឿន ធឿន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិឃុំកើតហេតុ (ខូចខាតទុយយោទឹកចំនួន១ដើម)។​ ទី៣. ឈ្មោះ សួង ឡា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្ដាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល។ ទី៤. ឈ្មោះ សាន់ ថុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិខ្ពប ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ ហេង ហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករស្ទួចផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ និងចាប់យកវត្ថុតាង ដាវសាំម៉ូរ៉ៃ​ ចំនួន១ដើម​។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារ CAM POST ​ឲ្យដឹង​ពីដំណើររឿងហេតុថា​ នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយទៅសុំលុយម្តាយចំនួន២០,០០០រៀល តែម្តាយឆ្លើយថា អញគ្មានលុយឲ្យទេ ពេលនោះជនសង្ស័យខឹងសម្បារយ៉ាងខ្លាំង បានដើរទៅយកដាវសាំម៉ូរ៉ៃ ដែលខ្លួនលាក់ទុកក្នុងព្រៃក្បែរម៉ាស៊ីនបូមទឹករបស់ឈ្មោះ ហុច ហេង ដោយឃើញទុយោរាយកាត់លើដីរបស់ខ្លួនទៀតនោះ​ ជនសង្ស័យយកដាវសាម៉ូរ៉ៃកាប់ទុយោបូមទឹក បណ្តាលឲ្យខូចខាតដាច់ចំនួន៥ដើម និងកាប់ទុយោទឹករបស់ឈ្មោះ សឿន ធឿន បណ្តាលឲ្យខូចខាតដាច់ចំនួន១ដើមទៀត។

សមត្ថកិច្ចបន្តថា ឃើញដូចនោះ ឈ្មោះ សាន់ ថុន បានទូរស័ព្ទប្រាប់ឲ្យឈ្មោះ ហុច ហេង និងឈ្មោះ សួង ឡា បានដឹង​ បន្ទាប់មកអ្នកទាំងពីរ បានមកដល់កន្លែងកើតហេតុ រួចសួរនាំ​ជនសង្ស័យបានប្រាប់ទៅជនរងគ្រោះទាំង៣នាក់ ឲ្យប្រញ៉ាប់ដកទុយោទឹកចេញពីដីរបស់ខ្លួនឲ្យលឿន តែជនរងគ្រោះមិនទាន់បានដកទុយោទឹកចេញផង ស្រាប់តែជនសង្ស័យទាញដាវ​សាម៉ូរ៉ៃ​ដេញកាប់ជនរងគ្រោះទាំង៣នាក់នោះ​ នាំគ្នារត់ចែកជើងគ្នា បង្កការភ្ញាក់ផ្អើល​ដល់កម្លាំងនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ចុះទៅអន្តរាគមន៍ រួចធ្វើការឃាត់ខ្លួនជនសង្ស័យតែម្ដង​។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង​ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post