header ads

Sponsor

(​ភ្នំពេញ​)៖ ក្នុង​សារ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ឯកឧត្តម ហ៊ុន ម៉ានិត កូនប្រុស​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​បានប្រកាសថា​៖ «​បើ​អត់ EBA របស់​សហភាព​អឺរ៉ុប ក៏​កម្ពុជា​យើង​នៅរស់​ដែរ​»​។​

ឯកឧត្តម ហ៊ុន ម៉ានិត លើកឡើងថា​៖ «​បើសិនជា​ក្នុងករណី ថ្ងៃក្រោយ EBA គេ​បាន​ដកចេញ​មែន​! គឺជា​ការសោកស្តាយ​មួយ​។ វា​អាច​ប៉ះពាល់​ខ្លះៗ មកលើ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​យើង​។ ប៉ុន្តែ ក៏ត្រូវ​ចាំ​ឲ្យ​បានច្បាស់លាស់​ដែរ​ថា​៖ យើង​មាន​អធិបតេយ្យភាព​របស់​យើង​។ យើង​មាន​ថ្នាក់ដឹកនាំ​កំពូល​របស់​យើង ដែលមាន​ឆន្ទៈ​ដឹកនាំ​ប្រទេស ដែល​កន្លងមក យើង​បានឃើញ​ការអភិវឌ្ឍន៍​យ៉ាងម៉េច​? ស្ថិរភាព និង​សន្តិភាព​យ៉ាងម៉េច​?»​។​

​ឯកឧត្តម ហ៊ុន ម៉ានិត បន្តថា​៖ «​នយោបាយ​បច្ចុប្បន្ន នៅក្នុង​ប្រទេស​របស់​យើង គឺ​ស្ងប់ស្ងាត់​។ ដោយសារតែ​ភាពស្ងប់ស្ងាត់​នេះហើយ បានជា​គេ [​បរទេស​] ខិតខំ ប្រឹងប្រែង​ធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​មាន​ភាព​រំជើបរំជួល ទាំង​នៅ​ខាង​មូលដ្ឋាន ក្នុង​ជួរ​បញ្ញា​វ័​ន្ត ទាំង​ខាង​អ្នករកស៊ី ដើម្បី​ធ្វើតេស្ត ស្តាប់​ថា តើ​បើសិនជា​សេណា​រី​យ៉ូ​មួយ​នេះ ចេញមក វា​យ៉ាងម៉េច​? សេណា​រី​យ៉ូ​មួយ​នោះ ចេញមក វា​យ៉ាងម៉េច​? ដើម្បី​គេ​ងាយស្រួល​ដាក់​ផែនការ​បន្ត​»​។​

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បាន​វាយតម្លៃ ៣ ចំណុច​ថា​៖

- ទី​១-​ត្រូវ​ជឿជាក់​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​របស់​យើង ក្នុងការ​ដឹកនាំ​ប្រទេស​។

-ទី​២-​ត្រូវការ​ប្រមូល​បញ្ញាញាណ ប្រមូល​កម្លាំង ដើម្បី​ទ្រទ្រង់​សាមគ្គី​ឲ្យ​បាន​រឹងមាំ ។

​-ទី​៣-​ការ​បន្លាច​របស់​បរ​ទេស មកលើ​ប្រទេស​កម្ពុជា​យើង មកលើ​រាជរដ្ឋាភិបាល មកលើ​គណបក្ស មកលើ​យុវជន មកលើ​អ្នករកស៊ី​ទាំងអស់នេះ គឺជា​ការធ្វើ​តេស្ត ឬមួយ​ក៏​គេ​ចង់​ធ្វើ​មែន​ក៏ដោយ តើ​យើង​ឱនក្បាល​ជាមួយ​បរទេស​? ឬមួយ​ក៏​យើង​ងើប​ឲ្យ​មាន​មោទនភាព​យើង​ជា​ខ្មែរ​!​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ានិត បាន​បញ្ជាក់ថា​៖ ទោះបីយ៉ាងណា​ក៏ដោយ កម្ពុជា​យើង​នឹង​បន្ត​ការអភិវឌ្ឍន៍ ការថែរក្សា​សន្តិភាព ស្ថិរភាព អភិវឌ្ឍន៍​ធនធានមនុស្ស ហើយ​ប្រទេស នឹង​ដើរ​ទៅដោយ​រលូន​។​

​ឯកឧត្តម ហ៊ុន ម៉ានិត ក៏បាន​គូសបញ្ជាក់ថា​៖ «​អត់ EBA ក៏​ប្រទេស​កម្ពុជា​យើង នៅរស់​ដែរ​។ អត់ GSP ក៏​ប្រទេស​យើង នៅរស់​ដែរ​។ មានការ​លំបាក​បន្តិច​បន្តួច ប៉ុន្តែ​កុំ​ភ្លេច នៅ​ឆ្នាំ​១៩៨០ មកដល់​ឆ្នាំ​១៩៩៣ តើ​ប្រទេស​យើង​យ៉ាងម៉េច​? នរណា​ខ្លះ គាបសង្កត់​លើ​យើង​? ដូច្នេះ​សូម​ចាំ​ថា អស់ EBA ក៏ដោយ ក៏​ប្រទេស​កម្ពុជា​នៅតែ​រស់​។ ប្រជាជន​កម្ពុជា នៅតែ​ប្រមូលផ្តុំ​សាមគ្គី​គ្នា ដើម្បី​កសាង​ប្រទេស​កម្ពុជា​យើង​ឲ្យ​កាន់តែ​រឹងមាំ​»​។​

​សូមបញ្ជាក់ថា សារ​ដ៏​មុត​ស្រួច​ម៉ឹងម៉ាត់​របស់ឯកឧត្តម ហ៊ុន ម៉ានិត បានធ្វើ​ឡើង​ភ្លាមៗ ខណៈដែល​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ បានចេញ​សេចក្តីសម្រេច ដើម្បី​បើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ សម្រាប់​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ (EBA)» ពី​កម្ពុជា​។​

​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ប្រកាស ប្តេជ្ញា​ថា កម្ពុជា នៅតែមាន​ឆន្ទៈ​បន្ត​ពង្រឹង​លំហ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិ​ការងារ ដូចដែល​បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​។ ប៉ុន្តែ យើង​ក៏មាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ផងដែរ ក្នុងការ​ការពារ​សន្តិ​ភាព ស្ថិរភាព ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ​រប​ស់​យើង ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស បាន​គូសបញ្ជាក់​បន្ថែមថា​៖ «​យើង​នឹង​នៅតែ​បន្ត​ខិតខំ​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម​-​សេដ្ឋកិច្ច​បន្ទាន់ៗ​ទាំងឡាយ ដែល​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​យើង ជាពិសេស គឺ​ពលរដ្ឋ ដែល​ពឹង​ផ្អែកលើ​វិស័យ​នានា ដែល​អាច​នឹងរង​ផលប៉ះពាល់​ដោយសារ​សេចក្តីសម្រេចរ​បស់​សហភាព​អឺរ៉ុប​នេះ​»​។​

​សេចក្តីសម្រេច​របស់​ស​ហ​ភាព​អឺរ៉ុប​នេះ ក៏​ត្រូវបាន​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា រួមទាំង​ក្រសួងការបរទេស បានចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយតប​ដោយ​ចាត់ទុកថា សហភាព​អឺរ៉ុប មិន​បានធ្វើ​សកម្មភាព​ដោយ​ឈរលើ​គោលការណ៍ «​ស្មោះត្រង់​» និង «​យុត្តិធម៌​» នោះទេ ហើយ​ជាការ​ធ្វើ​សេចក្តីសម្រេច ដែលមាន​ចរិត​ហេតុផល​នយោបាយ​នៅ​ពីក្រោយ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post