
ភ្នំពេញៈ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ មករា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទាញអារម្មណ៍សមាជិកអង្គប្រជុំមកពីអង្គភាពជំនាញ និងអាជ្ញាធរដែនដី ក៏ដូចកម្លាំងមានសមត្ថកិច្ចក្នុងរាជធានីភ្នំពេញថា ភ្នំពេញជាប់លេខ១រាល់ឆ្នាំ រឿងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។ ដូច្នេះទាំងអាជ្ញាធរដែនដី ទាំងសមត្ថកិច្ចជំនាញ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
លោកបន្តថា យើងអាចទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទបានល្អប្រសើរ,ការពារសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តែបែរជាមកទប់មិនបានពីរឿងគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដូច្នេះការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ត្រូវតែម៉ត់ចត់បន្ថែមទៀតទើបបាន។
កន្លងមកគេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតមានពេលយប់ច្រើនជាងពេលថ្ងៃ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃក្នុងចំនួនច្រើន ហើយចំណុចដែលគួរឲ្យហូសចិត្តនោះ គឺសូម្បីតែរថយន្តដឹកទឹកកកដ៏ចាស់ទ្រុឌទ្រោមក៏មានបិទស្លាកបានត្រួតពិនិត្យបច្ចេកទេសដែរ។
តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០១៩នេះ បទល្មើសគ្រប់ប្រភេទបានថយចុះច្រើន។ ជាមួយគ្នានេះ លោកអភិបាលបានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច, អាជ្ញាធរដែនដី ដែលបានប្រឹងប្រែងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារក្នុងរាជធានីភ្នំពេញ បានល្អប្រសើរ និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ និងពីថ្នាក់ដឹកនាំសម្រាប់ពិធីសំខាន់ៗចំនួន៣កន្លងមកនេះ មានពិធីសម្ពោធវិមានឈ្មះៗ, ពិធីឆ្លងឆ្នាំសកល និងបុណ្យ៧មករាជាដើម៕






