ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចងកំហឹងជាមួយលោក សម រង្ស៊ី រឿងសហគមន៍អឺរ៉ុប លុបការលើកលែងពន្ធមកលើកម្ពុជា(EBA)។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១ កុម្ភៈ ២០១៩នេះថា នៅក្នុងពេល ដែលប្រជាជនកម្ពុជា និងកម្មករនិយោជិតកម្ពុជា កំពុងព្រួយបារម្ភពីបញ្ហាសហគមន៍អឺរ៉ុប កំពុងពិចារណាត្រៀមលុបប្រព័ន្ធលើកលែងពន្ធលើទំនិញនាំចូលពីកម្ពុជា (EBA) ទណ្ឌិត សម រង្ស៊ី បានប្រកាសក្តែងៗថា ការដែលសហគមន៍អឺរ៉ុប លុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ គឺដោយសារស្នាដៃខ្លួនតែម្នាក់គត់ ដែលធ្វើការនេះជាមួយសហគមន៍អឺរ៉ុប។
លោកបញ្ជាក់ថា "ការប្រកាសរបស់ទណ្ឌិត សម រង្សី នេះ បានបញ្ជាក់ច្បាស់ថា ទណ្ឌិត សម រង្ស៊ី គឺជាអ្នកសម្លាប់ប្រជាជនកម្ពុជា និងកម្មករនិយោជិតកម្ពុជា យ៉ាងជាក់ស្តែង ដែលធ្វើឲ្យប្រជាជនកម្ពុជា និងកម្មករនិយោជិតកម្ពុជា ឃើញកាន់តែច្បាស់ពីទង្វើក្បត់ជាតិ និងពិសពុលរបស់ទណ្ឌិតរូបនេះ ដែលមិនអាចប្រកែកបានឡើយ"។
លោក ក៏បានលើកឡើងថា ដោយសារតែមហិច្ឆតាអំណាចបុគ្គលទណ្ឌិតនេះ ហ៊ានទៅទទូចសុំឲ្យបរទេសសម្លាប់ប្រជាជនកម្ពុជា និងកម្មករនិយោជិតកម្ពុជា រាប់លាននាក់ ឲ្យរងទុក្ខវេទនា ដោយគ្មានស្រណោះ ដែលបញ្ហានេះ បានចេញពីមាត់ទណ្ឌិតរូបនេះផ្ទាល់តែម្តង។
លោកបញ្ជាក់ថា "ដូច្នេះចាប់ពីពេលនេះតទៅ ប្រជាជនកម្ពុជា និងកម្មករនិយោជិតកម្ពុជា សូមចំណំាមុខទណ្ឌិតនេះ ទុកក្នុងខួរក្បាលរបស់ខ្លួនគ្រប់ៗគ្នា ហើយប្តេជ្ញាឈប់ជឿ និងចងគំនុំនិងកំហឹងជាមួយទណ្ឌិតរូបនេះជារៀងរហូតតទៅ"។
សូមរំឭកថា លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានដើរកៀរគរអន្តរជាតិដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូល។
កាលពីថ្មីៗនេះ លោក សម រង្ស៊ី បានក្រឡាស់សម្ដីថា អតីតគណបក្សសង្គ្រោះជាតិ មិនប៉ះពាល់នឹងការដាក់ទណ្ឌកម្មរបស់អន្តជាតិមកលើកម្ពុជានោះទេ។ លោកថា ប្រសិនបើសម្តេចតេជោ ហ៊ុន សែន ចរចាជាមួយសហគមន៍អឺរ៉ុប ហើយលោកនឹងជួយនិយាយ ដើម្បីឲ្យគេផ្តល់អនុគ្រោះពន្ធមកលើកម្ពុជា វិញផងដែរ៕
