header ads

Sponsor

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា តាមការស្រាវជ្រាវបង្ហាញថា នៅឆ្នាំ២០៣០ មានមុខរបរមួយចំនួននៅកម្ពុជា នឹងត្រូវបាត់បង់ ដោយសារមុខរបរទាំងនោះ ពុំមានវិជ្ជាជីវៈ ឬ ជំនាញឯកទេស ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ពីស្ថាប័នដែលមានស្តង់ដាពិតប្រាកដ។

លោក ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ដូចនេះ នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៩ ខណៈដែលបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកការអនុវត្ត”គម្រោងអភិវឌ្ឍន៍ សមត្ថភាព ផ្នែកកែសម្ជស្ស និងច្នៃម៉ូតសក់ ដល់ស្រ្តី ដោយផ្អែកលើ អាយស៊ីធី (ITC) ក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា” ដើម្បីលើកកម្ពស់សេដ្ឋកិច្ចស្រ្តីកម្ពុជានិងបង្កើនភាពជាសហគ្រិន តាមរយៈកម្មវិធីបណ្តុះជំនាញពីអ្នកឯកទេសមកពីប្រទេសកូរ៉េនេះ។

លោក រដ្ឋលេខាធិការបញ្ជាក់ថា ដោយមើលឃើញពីបរិបទ នៃឧស្សាហកម្ម កែសម្ជស្ស និងកាត់សក់ នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើននិង មានតម្រូវការខ្ពស់ ទើបវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ បានសហការជាមួយ សាកលវិទ្យាល័យ គ័ងយ៉ាង នៃប្រទេសកូរ៉េខាងត្បូង “Konyang Cyber University in Korea (KYCU)” បង្កើតឱ្យមានគម្រោងអភិវឌ្ឍន៍ សមត្ថភាព ផ្នែក កែសម្ជស្ស និងច្នៃម៉ូតសក់ ដល់ស្រ្តី នេះ ព្រោះថា បច្ចុប្បន្នស្រ្តីភាគច្រើននៅកម្ពុជាមិនទាន់ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវនៅឡើយទេ ហើយស្រ្តីភាគច្រើន គឺបាននិងកំពុងធ្វើការនៅក្នុងឧស្សាហកម្ម រោងចក្រកាត់ដេរ វិស័យកំសាន្ត និងវិស័យ កែច្នៃម៉ូតសក់ និងសម្ផស្ស ជាដើម។

លោកស្រី Yongdeok Kim សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ គ័ងយ៉ាង សាយប៊ើ នៃប្រទេសកូរ៉េ ខាងត្បូង បានឱ្យដឹងថា ការបន្តពង្រីក ចំណេះ និងជំនាញនេះ ដោយផ្អែកលើកម្ពុជា មានសេដ្ឋកិច្ចល្អ  តម្រូវការរបស់ប្រជាជនលើផ្នែកសម្ផស្ស និង សក់ ខ្ពស់ ហើយប្រទេសកូរ៉េ មានចំណុចពិសេស ក្នុងផ្នែកនេះដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ទើបចាប់ដៃជាមួយកម្ពុជា បង្រៀនជំនាញនេះដល់យុវវ័យ និងស្រ្តី កម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាព  និង ដើម្បីជួយបង្កើនសេដ្ឋកិច្ច។

Dr. Bang, សាស្ត្រាចារ្យសាកលវិទ្យាល័យ Konyang Cyber  និងជានាយកគម្រោងបានឱ្យដឹងថា ដោយសារមានបទពិសោធន៍ និងជំនាញច្បាស់លាស់ លើផ្នែកកែសម្ផស្ស ម៉ូដសក់ និងសហគ្រិនភាពនេះ ទើបលោកគិតថា គម្រោងមួយនេះ មានសារសំខាន់ សម្រាប់ស្រ្តីកម្ពុជា។ លើសពីនេះ ស្រ្តីកម្ពុជាចូលចិត្តស្អាត និងចាប់អារម្មផលិតផលកូរ៉េ ទើបយើងចូលរួមលើកកម្ពស់សមត្ថភាពស្រ្តីនៅកម្ពុជាបន្ថែម តាមរយៈការផ្តល់ជូននូវការបណ្តុះបណ្តាលឱ្យបានល្អនិងមានស្តង់ដាដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់សមាគមន៍ច្នៃម៉ូតសក់កម្ពុជាបង្ហាញថា មានហាងកែសម្ជស្សប្រហែល៤ពាន់ នៅក្នុងរាជធានីភ្នំពេញ ដែលមាន៩៨% ជាហាងកែសម្ជស្សតូចៗ ដែលត្រូវបានដំណើរការដោយក្រុមគ្រួសារសម្រាប់សមាជិក២ទៅ៣នាក់។ ក្នុងនោះហេតុផលចម្បង នៃស្ថានភាពបច្ចុប្បន្ន គឺមកពីកង្វះប្រព័ន្ធគុណវុឌ្ឍ ទាក់ទងនឹងឧស្សាហកម្ម កែសម្ជស្ស និងច្នៃម៉ូតសក់ កង្វះវគ្គសិក្សាដែលពាក់ព័ន្ធ នឹងខ្វះកន្លែងសិក្សា និងអ្នកឯកទេស ផ្នែកសាឡន ជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post