
សៀមរាបៈ កម្លាំងនគរបាលចម្រុះនៃស្នងការដ្ឋានខេត្តសៀមរាប បានធ្វើការសហការគ្នា តាមប្រមាញ់អស់រយៈពេល៤៨ម៉ោង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលកាប់ឪពុកក្មេកស្លាប់នៅស្រុកអង្គរជុំ កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅថ្មីៗនេះបានហើយ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅចំណុចភូមិគោកឆ្លាត ឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងនៅរសៀលនោះថា ករណីឃាតកម្មដោយចេតនា កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជនសង្ស័យបានសម្លាប់ឪពុកក្មេករហូតស្លាប់នៅនឹងកន្លែង រួចគេចខ្លួនបាត់២ថ្ងៃនោះ គឺត្រូវបានកម្លាំងនគរបាលចម្រុះនៃស្នងការដ្ឋានខេត្តសៀមរាប ចាប់បានហើយ នៅនៅចំណុចភូមិគោកឆ្លាត ឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ លោកបន្តថា បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងនាំខ្លួនជនសង្ស័យមកកាន់ស្រុកពួក ដើម្បីសួរនាំ និងចាត់ការបន្តតាមផ្លូវច្បាប់។
សូមរំឭកថា ករណីឃាតកម្មដោយចេតនា កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើងលើជនរងគ្រោះ ឈ្មោះ ផន ប្រេម ភេទប្រុស អាយុ៨៥ឆ្នាំ រស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បង្កឡើដោយជនសង្ស័យ ឈ្មោះ សាន ចិក ភេទប្រុស អាយុ៦៥ឆ្នាំ (ត្រូវជាកូនប្រសា) ស្រុកកំណើតនៅភូមិខ្ជាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្ត សៀមរាប បច្ចុប្បន្នរស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ពេលកាប់រួច បានរត់គេចខ្លួនទៅទិសខាងត្បួងឈៀងខាងកើត។
មូលហេតុ នៅវេលាម៉ោង៦៖៤០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ សាន ចិក បានទាស់គ្នាជាមួយប្រពន្ធ ឈ្មោះ សែន អាក់ អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ជនសង្ស័យនេះ បានប្រចណ្ឌប្រពន្ធ ហើយបានឈ្លោះប្រកែកគ្នា ដោយចាប់ប្រពន្ធដាក់ក្នុងផ្ទះហើយបិទទ្វារជិត ប្រពន្ធបានលោតចុះពីលើផ្ទះ នៅពេលនោះ ជនរងគ្រោះត្រូវជាឪពុកក្មេក បានស្ដីបន្ទោស ជនសង្ស័យក៏បានទាញកាំបិតខ្វែវ កាប់លើជនរងគ្រោះចំនួន៣ខ្វែវ កាប់ចំក្បាលផ្នែកខាងឆ្វេងមួយខ្វែវ ចំផ្នែកខាងមុខមួយខ្វែវ និងកាប់ចំស្មាខាងស្ដាំមួយខ្វែវទៀត បណ្ដាលឲ្យដួលស្លាប់នៅមុខផ្ទះ ពេលដែលកាប់ហើយ ជនសង្ស័យរត់គេចខ្លួនទៅទិសខាងត្បូងឈៀងខាងកើតបាត់។
បច្ចុប្បន្នជនសង្ស័យជាឃាតក ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់៕




