header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា សេដ្ឋកិច្ចកម្ពុជា មិនអាចរំពឹងលើជំនួយបរទេសតែមួយមុខនោះទេ ហើយក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន ទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេលើបណ្តាញសង្គម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា “ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃនេះ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ធគយ គឺបានកើនឡើងជាបន្តបន្ទាប់”។

សម្តេចបន្តថា សេដ្ឋកិច្ចកម្ពុជា ដែលពីមុនហ៊ុព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះ គឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។

ប្រទេសយើងពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតដាល ប៉ុន្តែឥឡូវ គឺបានងើបលេចធ្លោររួចផុតពីភាពក្រីក្រជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%។ ដោយសារចំណូលពន្ធកាន់តែខ្ពស់ ការព្យាករណ៍របស់យើងទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចបានបញ្ជាក់ថា “កម្ពុជា មិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន ទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូរនានា ដែលចង់ឃើញកម្ពុជារីកកាន់តែចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ”។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានសូមអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែធំឡើងនៅក្នុងប្រទេសជាតិ។ វិស័យឯកជនទាំងអស់នៅកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍន៍ប្រទេស នឹងពង្រឹងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំមកទល់សព្វថ្ងៃ និងអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង។

សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយមួយថ្ងៃពីសហភាពអ៊ឺរ៉ុបបានសម្រេចដកការអនុគ្រោះពន្ធមកលើកកម្ពុជា។

សហភាពអ៊ឺរ៉ុប បានចាប់ផ្តើមដំណើរការដែលអាចនាំឲ្យមានការផ្អាកជាបណ្តោះអាសន្ន នូវការទទួលបានអទិភាពរបស់កម្ពុជា លើទីផ្សារសហភាពអ៊ឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម គ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA ។EBA អាចត្រូវបានលុបចោលប្រសិនបើប្រទេសទទួលផលមិន គោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហភាពអ៊ឺរ៉ុប បានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា ការបើកដំណើរការនីតិវិធីដក EBA បណ្តោះអាសន្ន មិនតម្រូវឲ្យមានការដកពន្ធនាំចូលភ្លាមៗនោះទេ ផ្ទុយទៅវិញវាចាប់ផ្តើមរយៈពេលនៃការត្រួតពិនិត្យយ៉ាងល្អិតល្អន់។

សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធីទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអ៊ឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដូច្នេះ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ក្រោមប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា បានរួចផុតពីកាតព្វកិច្ចពន្ធ ជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអ៊ឺរ៉ុប៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post