
ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ តាមរយៈទូរស័ព្ទភ្ជាប់ប្រព័ន្ធ GPS របស់ជនរងគ្រោះជាជនជាតិចិន ក្រោយពីត្រូវបានជនសង្ស័យជិះម៉ូតូ មកឆក់ទូរស័ព្ទ IPhone X បានសម្រេច នៅចំណុចម្ដុំគីរីរម្យ ហើយគេចខ្លួនមកពួនសង្ងំក្នុងបន្ទប់ជួលមួយកន្លែង ខណៈដែលមិនដឹងថាទូរស័ព្ទមានភ្ជាប់GPS ទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីម៉ោង១៖១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រួមទាំងដកហូតម៉ូតូដែលជិះធ្វើសកម្មភាពនោះមួយគ្រឿងទៀតផងដែរ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រហែល១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចម្ដុំគីរីរម្យ ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ត្រូវសមត្ថកិច្ចតាមរកឃើញនៅចំណុចផ្លូវលំ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុន សុភ័ត្តា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ មានទីលំនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនជាតិចិនម្ចាស់ទូរស័ព្ទ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ សម្ភារៈដកហូតមាន៖ ម៉ូតូម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម (Honda Dream) ស៊េរីឆ្នាំ២០១៨ (មិនចាំស្លាកលេខ)។ និងទូរស័ព្ទ IPhone X ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះដែលជាជនជាតិចិន)។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងម៉ូតូដែលជិះធ្វើសកម្មភាពខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរងចាំចាត់ការបន្តតាមនីតិវិធីច្បាប់៕













