
ភ្នំពេញៈ សហមេធាវីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា អណ្តាតរបស់លោក សម រង្ស៊ី ជាអណ្តាតពិស ហើយញុះញង់បំបែកបំបាក់។
លោកស្រី ម៉េង សុធារី មេធាវីមួយរូប ក្នុងចំណោមមេធាវីផ្សេងទៀត បានលើកឡើងយ៉ាងដូចនេះថា «អណ្តាតមានពិសអត់ឲ្យតម្លៃគេអញ្ចឹង បានគេចាប់ផ្តើមចាកចេញបណ្តើរៗ ហើយកុំសួរថា ហេតុអី? គេទិញមែន? ស៊ីឈ្នួលបំបែកមែន? ចម្លើយ គឺអត់ទេ តែមកពីលោកពូ (សម រង្ស៊ី) ចូលចិត្តប្រើអណ្តាតពិសរបស់លោកពូពេក។ សាងអីទទួលហ្នឹងទៅ!»។
ចំណែកលោក ផាន់ ច័ន្ទស័ក្តិ មេធាវីលោក កឹម សុខា មួយរូបទៀត ក៏បានលើកឡើងលើបណ្តាញសង្គមយ៉ាងដូច្នេះថា ទាំងនេះ ជាលទ្ធផល ដែលកើតចេញពីអណ្តាតអាសិរពិសរបស់លោក សម រង្ស៊ី មកលើសហមេធាវី ទាំង៤រូបរបស់លោកប្រធាន កឹម សុខា។
លោកបញ្ជាក់ថា «បើអណ្តាតលោក មានពិសរបៀបនេះ តើថ្ងៃក្រោយយើងអាចអង្គុយមើលមុខគ្នាបានដោយរបៀបណា? តើមានមនុស្សណាខ្លះ ដែលមានកម្លាំងកាយ កម្លាំងចិត្តហ៊ានលះបង់ធ្វើការងារឲ្យគណបក្សកើត ?»៕

