
កំពង់ឆ្នាំងៈ រឿងរ៉ាវដ៏ខ្លាំង និងសហាវដដែលៗរបស់លោក ណុង វណ្ណៈ ហៅ ណុង ណាក់ ដែលល្បីប្រចាំនៅតំបន់អប្បគមន៍ ក្តុល មិនដែលឃើញមានសមត្ថកិច្ចណាហ៊ានអើតក្បាលបំបែកសំណុំរឿងខាងលើនោះឡើយ តែមកដល់ពេលនេះ ប្រហែលជាត្រូវអស់លក្ខណ៍ និងមិនអាចគេចពីសំណាញ់ច្បាប់ហើយមើលទៅ បន្ទាប់ពីលោក ណុង ណាក់ និងបក្ខពួករបស់គេ បានបាញ់គំរាមប្រជាជនស្លូតត្រង់ ថែមទាំងវាយដំទៅលើប្រជាពលរដ្ឋស្លូតត្រង់២នាក់ បណ្ដាលឲ្យបាក់ដៃ រងរបួសជាទម្ងន់ កាលពីវេលាម៉ោងប្រមាណ១១៖៤០នាទីយប់ថ្ងៃទី២០ កុម្ភៈ ២០១៩។
ក្រោយកើតហេតុសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ប៉ុល វុទ្ធីស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនប្អូនប្រុសបង្កើតលោក ណុង ណាក់ ឈ្មោះ ណុង វណ្ណាត ហៅអាក្រឹម មកធ្វើការសាកសួរ ដោយឡែកលោក ណុង ណាក់ បានរត់គេចខ្លួនបាត់ផងដែរ។
មហាជនក្នុងខេត្តកំពង់ឆ្នាំង រង់ចាំមើល ថាតើសមត្ថកិច្ចជំនាញខេត្តអាចបំបែកសំណុំរឿងរបស់លោក ណុង ណាក់ បានដែរឬទេ បន្ទាប់ពីពេលកន្លងទៅ លោកអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួ ចន្ទ័ឌឿន បានលើកឡើង ក្នុងសន្និបាតមួយថា តើលោក ណុង ណាក់ គឺជាអ្វី...? ហេតុអី្វ ក៏មិនអាចអ្នកណាបង្រ្កាបបាន ទុកឲ្យបុគ្គលនេះ ធ្វើព្យុះធ្វើភ្លៀងដោយសេរីបែបនេះ។
ប្រភពមួយបានបង្ហើបឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ វ៉ាត សុវណ្ណ អាយុ៣០ឆ្នាំ និងម្នាក់ទៀតជាបងប្អូនបង្កើតឈ្មោះ វ៉ាត សុជាតិ អ្នកទាំង២ មានទីលំនៅខេត្តកណ្តាល មានមុខរបរស៊ីឈ្នួលចាំចម្ការឲ្យគេនៅចំណុចកើតហេតុខាងលើ ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងភ្នំពេញ៕

