header ads

Sponsor

រិទ្ធី

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំអំពីបែបបទ និងនីតិវិធីនៃការស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ដើម្បីជាមូលដ្ឋានសម្រាប់បុគ្គលដែលត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយក្នុងរយៈកាលកន្លងមក។ នេះបើយោងតាមលិខិតចុះថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

សេចក្ដី​ណែនាំ​ដដែល​បញ្ជាក់​ថា យោងតាម​មាត្រា ៤៥ថ្មី (ស្ទួន​មួយ) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយបុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ទៅតាមករណីដូចខាងក្រោម៖

១- ការទទួលបានសិទ្ធិនយោបាយពេញលេញឡើងវិញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការរបស់តុលការកំពូល និង

២- ការទទួលបានសិទ្ធិនយោបាយពេញលេញឡើងវិញដោយពេញច្បាប់ អ្នកត្រូវបានហាមឃាត់ត្រូវ​ដាក់ពាក្យ​ស្នើសុំ​​ដាច់​ដោយ​ឡែក​ពី​គ្នា ពោល​គឺ​ដាក់​ពាក្យ​ស្នើសុំ​ម្នាក់​មួយ​ទៅ​ក្រសួង​មហាផ្ទៃ ដែល​បន្ទាប់​មក​ក្រសួង​នេះ នឹង​លើក​សំណើ​​​ជូន​​ទៅ​​នាយករដ្ឋមន្ត្រី ដើម្បី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ លើក​លែង​បម្រាម​នយោបាយ​នោះ។

លោក ហ៊ីង សុខសាន អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាម បានថ្លែងថាលោកមិន​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ណែនាំ​នេះ​ទេ ព្រោះ​អ្វី​ដែល​គណបក្សសង្គ្រោះ​ជាតិ ចង់បាន​ជា​សំខាន់ និង​ដំបូង​គេ​ គឺ​សេរីភាព​ពេញលេញ​របស់​ប្រធាន​គណបក្ស​នេះ​សិន៖ ពីព្រោះ​បើ​យើង​ដាក់ពាក្យ​ស្នើសុំ​របៀប​ម៉េច បើ​មេ​របស់​ខ្លួន​អត់​ទាន់​មាន​សេរីភាព​​ផង ហើយ​យើង​ជា​មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​លោក​ កឹម សុខា ទៅ​ដាក់​ពាក្យ​សុំ​សេរីភាព​មុន​គាត់ អ៊ីចឹង​មានន័យថា​​​យើង​កំពុង​ធ្វើ​នយោបាយ​ច្រាស​ជើង​ហើយ។ ពេលនេះ និយាយ​ជា​រួម យើង​អត់​ចាប់​អារម្មណ៍ ​ទៅ​នឹង​ការ​ចេញ​សេចក្ដី​ណែនាំ​ អំពី​នីតិវិធី​នេះ​ទេ។

គួររំលឹកថាក្រោយពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានដាក់ឱ្យប្រើប្រាស់ គ្មានអតីតបក្សសង្គ្រោះជាតិរូបណាស្នើសុំនោះទេ លើកលែងតែលោក គង់ គាំ និងកូនប្រុសប្រធានគណបក្សឆន្ទៈខ្មែរ ដែលបានស្នើសុំធ្វើសកម្មភាពនយោបាយវិញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post